ប្រធានាធិបតីចិន លោក Xi Jinping បានទៅដល់ទីក្រុងមូស្គូ របស់រុស្ស៊ី កាលពីថ្ងៃពុធ (០៧ ឧសភា) ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី Vladimir Putin បង្ហាញការគាំទ្រ ចូលរួមទិវាជ័យជម្នះ និងចាប់ផ្ដើមដំណើរទស្សនកិច្ចដ៏ពោរពេញដោយភាពឱឡារឹក ហើយក៏ជាអ្វីដែលអ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនប្រឆាំងដាច់ខាត បន្ទាប់ពីយានដ្រូនរបស់ទីក្រុងគីវ បានវាយប្រហារលើទីក្រុងមូស្គូ ភ្លាមៗមុនពេលដែលលោក Xi បានចុះចត។

លោក Xi ដែលប្រទេសរបស់លោកជាអ្នកទិញប្រេង និងឧស្ម័នរបស់រុស្ស៊ីច្រើនជាងប្រទេសណាៗទាំងអស់ ហើយក៏ជាអ្នកផ្ដល់ខ្សែជីវិតសេដ្ឋកិច្ចដល់ទីក្រុងមូស្គូក្នុងការជួយទប់ទណ្ឌកម្មរបស់លោកខាងលិច បានចុះចតនៅអាកាសយានដ្ឋាន Vnukovo-2 របស់ទីក្រុងមូស្គូ ភ្លាមៗបន្ទាប់ពីអាជ្ញាធររុស្ស៊ីនិយាយថា ពួកគេបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនមួយទៀតនៅខាងក្រៅរដ្ឋធានី ក្នុងការវាយប្រហារថ្ងៃទី៣។

នៅពេលត្រូវសាកសួរក្នុងសន្និសីទព័ត៌មានពីការវាយប្រហារតាមអាកាសរបស់ភាគីជម្លោះទាំងសងខាងលើរដ្ឋធានីរបស់គ្នាទៅមកនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានអត្ថាធិប្បាយពីដំណើរទស្សនកិច្ចរបស់លោក Xi ទេ ដោយគ្រាន់តែនិយាយថា "អាទិភាពចម្បង" គឺជាការបញ្ចៀសការកើនឡើងនៃភាពតានតឹង។

លោក Xi គឺជាមេដឹកនាំពិភពលោកដ៏មានឥទ្ធិពលបំផុតក្នុងចំណោមអ្នកដែលត្រូវបានរំពឹងថានឹងចូលរួមក្នុងក្បួនដង្ហែរយោធានៅទីលានក្រហមរបស់ទីក្រុងមូស្គូ នាថ្ងៃសុក្រស្អែកនេះ ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្ត លើពួកណាហ្ស៊ីអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនរូបនេះ បានប្រគល់ឱ្យលោក Putin នូវការជំរុញផ្នែកការទូតដ៏សំខាន់មួយ ខណៈដែលមេដឹកនាំរុស្ស៊ីចង់បង្ហាញថា ប្រទេសរបស់លោកមិនឯកោនៅលើឆាកពិភពលោកឡើយ៕