មនុស្សរាប់រយនាក់បានចូលរួមការជួបជុំមួយក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ៧ឧសភាដើម្បីបង្ហាញការគាំទ្រដល់យោធារបស់ប្រទេសនេះ បន្ទាប់ពីការបាញ់ផ្លោងឆ្លងព្រំដែនថ្មីៗនេះជាមួយឥណ្ឌា។

គណបក្សនយោបាយសម្ព័ន្ធមូស្លីមម៉ាកាហ្ស៊ីប៉ាគីស្ថាន (PMML) បានរៀបចំការប្រមូលផ្តុំមួយមានឈ្មោះថា ប៉ាគីស្ថានហ្ស៊ីនដាបាត (Pakistan Zindabad Rally) ដែលទាក់ទាញសមាជិកបក្ស និងអ្នកស្រុករាប់រយនាក់។

ការជួបជុំនេះបានកើតឡើង បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាខាងយោធារវាងប៉ាគីស្ថាន និងឥណ្ឌា ដោយភាគីទាំងពីរបានអះអាងរកត្រូវរៀងៗខ្លួន។
លោក Inam ur Rehman ប្រធានផ្នែកការងារបក្ស PMML នៅទីក្រុងអ៊ីស្លាម៉ាបាត បានប្រាប់អ្នកចូលរួមថា នៅពេលយោធារបស់យើងឆ្លើយតប ពួកគេកំណត់គោលដៅទីតាំងយោធាត្រឹមត្រូវ ។លោកបានអំពាវនាវឲ្យមានការរួបរួមជាតិ ដោយស្នើឲ្យពលរដ្ឋឈររួមគ្នានៅពីក្រោយកងកម្លាំងប្រដាប់អាវុធរបស់ប៉ាគីស្ថានក្នុងពេលដ៏សំខាន់នេះ។

ចំណែកលោក Saleem Ilyas អ្នកនាំពាក្យរងរបស់គណបក្សនេះ បាននិយាយថា ការជួបជុំនេះ មានគោលបំណងបង្ហាញការគាំទ្រជាសាធារណៈចំពោះយោធាប៉ាគីស្ថាន។ លោកបានសំដៅដល់ការវាយប្រហារថ្មីៗនេះ ដោយនិយាយថា ពួកលោកបានមើលឃើញការវាយប្រហារវាយប្រហារតំបន់ជនស៊ីវិល និងកន្លែងសាសនា ដែលពួកលោកត្រូវតែថ្កោលទោស។
ឥណ្ឌា បានវាយប្រហារលើប៉ាគីស្ថាន និងតំបន់កាស្មៀររបស់ប៉ាគីស្ថាន ដោយមីស៊ីលកាលពីថ្ងៃពុធ ហើយប៉ាគីស្ថានបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួនប្រាំគ្រឿង ហើយបានប្តេជ្ញាសងសឹក។ឥណ្ឌានិយាយថា ខ្លួនបានវាយលុកទីតាំង “ហេដ្ឋារចនាសម្ព័ន្ធភេរវករ” ចំនួនប្រាំបួនកន្លែង ដែលខ្លះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលបានសម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់ និងក្នុងស្រុកមួយនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីខែមុន៕