ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បើកបរក្នុងល្បឿនលឿនក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងដែលជិះគ្នា២នាក់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៣ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េដឹកទំនិញ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-5971 ដោយបើកបរក្នុងទិសដៅពីកើតមកលិច មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបានបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0496 ដែលជិះបញ្ច្រាសទិសគ្នា ក្នុងនោះបានបណ្ដាលឲ្យមនុស្ស២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនទុកនៅនឹងកន្លែង និងបានទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភះ



