សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានពិភាក្សាគ្នាអំពីលទ្ធភាពដែលថាទីក្រុងវ៉ាស៊ីនតោន ជាអ្នកដឹកនាំការគ្រប់គ្រងបណ្តោះអាសន្ននៃតំបន់ហ្កាហ្សា នេះបើយោងតាមប្រភព ៥នាក់ដែលដឹងពីបញ្ហានេះ។

ប្រភពនិយាយថា ការពិគ្រោះយោបល់ "កម្រិតខ្ពស់" បានផ្តោតលើរដ្ឋាភិបាលអន្តរកាល ដឹកនាំដោយក្រុមមន្ត្រីអាមេរិក ដែលនឹងទទួលបន្ទុកខុសត្រូវលើតំបន់ហ្កាហ្សា រហូតដល់ដែនដីនេះត្រូវបានលុបបំបាត់យោធា និងមានស្ថិរភាពឡើងវិញ ហើយរហូតដល់រដ្ឋបាលប៉ាឡេស្ទីនមួយអាចបង្កើតឡើងដើម្បីទទួលបន្ទុកបន្ត។

ប្រភពទាំង៥នោះបន្តថា យោងតាមការពិភាក្សា ដែលនៅតែជាដំណើរការបឋមនៅឡើយនេះបង្ហាញថា នឹងមិនមានការកំណត់ពេលវេលាកំណត់សម្រាប់រយៈពេលគ្រប់គ្រងរបស់រដ្ឋបាលថ្មីដឹកនាំដោយអាមេរិកនោះទេ ហើយនឹងអាស្រ័យលើស្ថានភាពជាក់ស្ដែង។ ប្រភពប្រៀបធៀបសំណើនេះទៅនឹងក្រុមចម្រុះនៃអាជ្ញាធរបណ្ដោះអាសន្នក្នុងប្រទេសអ៊ីរ៉ាក់ ដែលទីក្រុងវ៉ាស៊ីនតោន បង្កើតឡើងក្នុងឆ្នាំ២០០៣ ភ្លាមៗបន្ទាប់ពីការវាយលុកដឹកនាំដោយអាមេរិក ដែលបានផ្តួលរំលំលោក សាដាម ហ៊ូសេន។

ប្រភពលើកឡើងថា ប្រទេសផ្សេងទៀតនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងអាជ្ញាធរដែលដឹកនាំដោយអាមេរិកនោះ ប៉ុន្តែមិនបញ្ជាក់ថាមានប្រទេសណាខ្លះទេ។ ពួកគេនិយាយថា រដ្ឋបាលនេះនឹងទាក់ទាញអ្នកបច្ចេកវិទ្យាប៉ាឡេស្ទីន ប៉ុន្តែនឹងមិនរាប់បញ្ចូលក្រុមអ៊ិស្លាមនិយមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងសិទ្ធិអំណាចមានកម្រិតនៅក្នុងតំបន់កាន់កាប់ West Bank ឡើយ៕