ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់៦១ នាក់ចាប់តាំងពីព្រឹកព្រលឹមដាក់គោលដៅលើជនស៊ីវិលនៅកន្លែងមានមនុស្សច្រើន ខណៈការបិទផ្លូវជាងពីរខែនៃតំបន់រងការឡោមព័ទ្ធមួយនេះ និងទម្លាក់គ្រាប់បែក បានបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលបង្កើនល្បឿននៃភាពអត់ឃ្លានរបស់ប្រជាជនប៉ាឡេស្ទីន។

ការវាយប្រហារដោយយានដ្រូន បានកំណត់គោលដៅលើតំបន់ក្បែរភោជនីយដ្ឋានថៃ និង Palmyra នៅលើផ្លូវ al-Wehda ក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃពុធ។មីស៊ីលពីរគ្រាប់ត្រូវបានបាញ់ទៅលើទីតាំងពីរក្នុងពេលដំណាលគ្នាដែលមានចម្ងាយ១០០ម៉ែត្រពីគ្នា មួយគ្រាប់ប៉ះចំភោជនីយដ្ឋានមួយ និងមួយទៀតធ្លាក់លើផ្លូវប្រសព្វមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៧ នាក់។

សេចក្ដីរាយការណ៍ពីទីក្រុងហ្កាហ្សា ដោយលោក Hani Mahmoud អ្នកសារព័ត៌មានរបស់ Al Jazeera បាននិយាយថា ការវាយប្រហារបានប៉ះចំកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនដែលពលរដ្ឋប៉ាឡេស្ទីនអាចទទួលទានអាហារបាន។

ការវាយប្រហារមួយទៀតនៅទីក្រុងហ្កាហ្សា បានសម្លាប់មនុស្ស១៣ នាក់នៅសាលារៀន al-Karama ក្នុងសង្កាត់ Tuffah។ ការវាយប្រហារផ្សេងទៀតរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធត្រូវបានធ្វើឡើងនៅទូទាំងតំបន់ហ្កាហ្សាមនុស្ស ៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារលើផ្ទះមួយកន្លែងនៅ តំបន់ Jabalia ភាគខាងជើង ដែនដីហ្កាហ្សា។
ការវាយប្រហារកាន់តែខ្លាំងក្លា គួបផ្សំទាំងការបិទផ្លូវដឹកជំនួយចូលពីសំណាក់អ៊ីស្រាអែលលើការផ្គត់ផ្គង់សំខាន់ៗ ចាប់តាំងពីថ្ងៃទី ២ ខែមីនា បានបណ្ដាលឲ្យខ្វះខាតខ្លាំងនៃបរិក្ខារពេទ្យ ប្រេងឥន្ធនៈ និងអាហារ រួមទាំងម្សៅមីផងដែរ។ ក្រុមជំនួយបាននិយាយថា ការផ្គត់ផ្គង់ស្បៀងជិតអស់ទាំងស្រុងហើយ៕