ប្រភព ៣នាក់ដែលដឹងពីបញ្ហានេះបាននិយាយថា អេមីរ៉ាតអារ៉ាប់រួម បានបង្កើតបណ្តាញផ្លូវក្រោយស្ងាត់ៗសម្រាប់កិច្ចចរចារវាងអ៊ីស្រាអែល និងស៊ីរី ខណៈមេដឹកនាំថ្មីរបស់ស៊ីរី ស្វះស្វែងរកជំនួយក្នុងតំបន់ដើម្បីគ្រប់គ្រងទំនាក់ទំនងដ៏ប្រទូសរ៉ាយកាន់តែខ្លាំងជាមួយអ្នកជិតខាងភាគខាងត្បូងរបស់ពួកគេ។
ប្រភពសន្តិសុខស៊ីរី និងមន្ត្រីស៊ើបការណ៍ប្រចាំតំបន់ ដែលដឹងផ្ទាល់អំពីបញ្ហានេះបានឱ្យដឹងថា ការទំនាក់ទំនងដោយប្រយោល ដែលមិនត្រូវបានគេរាយការណ៍ពីមុនមកនេះ គឺផ្តោតលើបញ្ហាសន្តិសុខ និងចារកម្ម និងការកសាងទំនុកចិត្តរវាងរដ្ឋទាំងពីរ ដោយពុំមានទំនាក់ទំនងផ្លូវការ។
ប្រភពពិពណ៌នាថា កិច្ចខិតខំប្រឹងប្រែង ដែលបានចាប់ផ្តើមប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីស៊ីរី Ahmed Sharaa បានធ្វើទស្សនកិច្ចនៅអារ៉ាប់រួម កាលពីថ្ងៃទី១៣ ខែមេសា នេះ បច្ចុប្បន្នផ្តោតលើ "បញ្ហាបច្ចេកទេស" ហើយ មិនមានដែនកំណត់ចំពោះអ្វីដែលអាចត្រូវពិភាក្សានៅទីបំផុតនោះទេ។ ប្រភពការទូតប្រចាំតំបន់និយាយថា ការសម្រុះសម្រួលក្រៅផ្លូវការរវាងអ៊ីស្រាអែល និងស៊ីរី ក្នុងបំណងធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ បានកើតឡើងកាលសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែមិនបញ្ជាក់ច្បាស់ទេ។
ទំនាក់ទំនងរវាងភាគីទាំងពីរបានតានតឹងយូរមកហើយ ដោយអ៊ីស្រាអែល វាយលុកក្នុងស៊ីរីអស់ជាច្រើនឆ្នាំ ក្រោមយុទ្ធនាការស្រមោលមួយដែលមានបំណងធ្វើឱ្យអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តចុះខ្សោយ រួមទាំងក្រុមហេសបូឡានៅលីបង់។ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កើនឡើងកាន់តែខ្លាំង ចាប់តាំងពីក្រុមឧទ្ទាមបានបណ្តេញលោកអតីតប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងខែធ្នូ ដោយនិយាយថា ខ្លួននឹងមិនអត់ឱនចំពោះវត្តមានរបស់ពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយមនៅភាគខាងត្បូងស៊ីរីឡើយ៕