ធនាគារកណ្តាលអាមេរិក បានរក្សាអត្រាការប្រាក់ឱ្យនៅថេរក្នុងចន្លោះ ៤,២៥% ទៅ ៤,៥០% កាលពីថ្ងៃពុធ (០៧ ឧសភា) ដោយនិយាយថា ហានិភ័យដ៏អាក្រក់នៃអតិផរណាខ្ពស់ និងភាពអត់ការងារធ្វើបានកើនឡើងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ខណៈអ្នកបង្កើតគោលនយោបាយរបស់ខ្លួន កំពុងដោះស្រាយផលប៉ះពាល់នៃពន្ធរបស់លោកប្រធានាធិបតី Donald Trump។

នៅចំណុចនេះ ប្រធានធនាគារកណ្ដាល លោក Jerome Powell បានត្រឹមតែនិយាយថា គេមិនច្បាស់ទេថា តើសេដ្ឋកិច្ចនឹងបន្តល្បឿននៃកំណើនរបស់ខ្លួន ឬក៏ស្ថិតនៅក្រោមភាពមិនប្រាកដប្រជាដែលកំពុងកើនឡើង និងកំណើនអតិផរណាដែលអាចកើតមាន។

លោក Powell បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃថា "ជាមួយនឹងភាពមិនច្បាស់លាស់ជាច្រើនពីអ្វីដែលលោក Trump នឹងសម្រេចចិត្តនៅទីបំផុត និងអ្វីដែលអាចរួចផុតពីជម្លោះក្នុងតុលាការ និងនយោបាយ - ពេលនេះ "វិសាលភាព មាត្រដ្ឋាន និងការបន្តនៃផលប៉ះពាល់ទាំងនោះ គឺមានភាពមិនច្បាស់លាស់ខ្លាំងណាស់"។

សេចក្តីថ្លែងការណ៍គោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក និយាយថា ចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ធនាគារកណ្តាលនៅក្នុងខែមីនាមក "ភាពមិនប្រាកដប្រជាអំពីចក្ខុវិស័យសេដ្ឋកិច្ចបានកើនឡើងបន្ថែមទៀត" ហើយហានិភ័យក៏កើនឡើងកាន់តែខ្លាំងដែលថា ទាំងអតិផរណា និងភាពអត់ការងារធ្វើអាចហក់ឡើងកាន់តែអាក្រក់៕