នគរបាលអាមេរិក បានចាប់ខ្លួននិស្សិតរាប់សិបនាក់នៅសាកលវិទ្យាល័យ Columbia ដែលបានសម្រុកឡោមព័ទ្ធផ្នែកខ្លះនៃបណ្ណាល័យសំខាន់របស់សាលា កាលពីថ្ងៃពុធ (០៧ ឧសភា) នៅក្នុងបាតុកម្មគាំទ្រប៉ាឡេស្ទីនដ៏ធំបំផុតមួយក្នុងបរិវេណសាកលវិទ្យាល័យ ចាប់តាំងពីរលកនៃការតវ៉ាកាលពីឆ្នាំមុនប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅដែនដីហ្កាហ្សា។

យ៉ាងហោចណាស់មាននិស្សិតពី ៤០ ទៅ ៥០នាក់ ដែលដៃរបស់ពួកគេជាប់នឹងខ្សែរ៉ូតប្លាស្ទិក ត្រូវបានមើលឃើញឡើងជិះរថយន្តតូចៗ និងរថយន្តក្រុងរបស់នាយកដ្ឋាននគរបាលក្រុងញូវយ៉ក នៅខាងក្រៅបណ្ណាល័យ Butler ខណៈមន្ត្រីនគរបាល បានបោសសម្អាតអគារកម្ពស់ ៦ជាន់នោះ ដើម្បីប្រមូលបាតុករផ្សេងទៀតដែលមិនព្រមចាកចេញ។

នគរបាលជាច្រើនបានទៅដល់បរិវេណសាលាតាមសំណើរបស់មន្ត្រីសាកលវិទ្យាល័យ Columbia ដែលបាននិយាយថា បាតុករនិស្សិត ដែលកាន់កាប់បន្ទប់អានសៀវភៅសំខាន់នៅជាន់ទី២ របស់បណ្ណាល័យ បានចូលរួមក្នុងការតវ៉ាបែបសម្រុកចូលដោយមិនមានការអនុញ្ញាត។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់សាលា Columbia ជុំវិញការតវ៉ាគាំទ្រប៉ាឡេស្ទីនកាលពីឆ្នាំមុន ដោយនិយាយថា ពួកគេជាអ្នកប្រឆាំងជនជាតិជ្វីហ្វ និងបង្ហាញពីការបរាជ័យក្នុងការការពារនិស្សិតជ្វីហ្វ។ ក្រុមបាតុករនិស្សិត រួមទាំងអ្នករៀបចំជនជាតិជ្វីហ្វមួយចំនួន ប្រឆាំងតបថា លោក Trump និងអ្នកនយោបាយអភិរក្សនិយមផ្សេងទៀត ដែលគាំទ្រអ៊ីស្រាអែលខ្លាំងពេកទៅវិញទេ ដែលជាអ្នកកំពុងធ្វើឱ្យមានការតវ៉ាដោយអយុត្តិធម៌ និងការប្រឆាំងជនជាតិជ្វីហ្វបែបនេះ៕