ហ្វីលីពីន និងចិន បានទាស់សម្ដីគ្នាជាថ្មីទៀតហើយនៅថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) នេះ ជុំវិញការប្រឈមមុខដាក់គ្នាដ៏តានតឹងលើដែនសមុទ្រជុំវិញថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ដែលជាឧប្បត្តិហេតុចុងក្រោយបង្អស់នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំងពីរ។

យោធាហ្វីលីពីន បាននិយាយថា ការល្បាតរបស់កងទ័ពជើងទឹកទីក្រុងម៉ានីលនៅជិតថ្មប៉ប្រះទឹកដែលមានជម្លោះ Scarborough Shoal បានជួបប្រទះនឹងសកម្មភាព "កម្រោល និងគ្មានសុវត្ថិភាព" ដោយនាវាកងទ័ពជើងទឹកចិន ពីរគ្រឿងកាលពីដើមសប្តាហ៍នេះ។

ចំណែកយោធាចិន នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយបញ្ជាការភាគខាងត្បូងរបស់ខ្លួន បានចោទនាវាចម្បាំងហ្វីលីពីនថា "ប៉ុនប៉ងបង្កការទន្រ្ទានឈ្លានពាន" ដែនទឹក ជុំវិញថ្មប៉ប្រះទឹកនោះ ហើយនិយាយថា ខ្លួនបានរៀបចំកងកម្លាំងជើងទឹក និងអាកាស ដើម្បីតាមដាន និងបណ្តេញនាវានេះ។

ដែនទឹក Scarborough Shoal ត្រូវបានដាក់ឈ្មោះតាមនាវាមួយគ្រឿងរបស់អង់គ្លេស ដែលឈរជើងលើដែនសមុទ្រនោះជិត ៣សតវត្សរ៍មុន ហើយថ្មប៉ប្រះទឹកនេះគឺជាដែនសមុទ្រដែលមានការប្រកួតប្រជែងបំផុតរបស់អាស៊ី និងជាចំណុចដ៏ក្ដៅគគុកសម្រាប់ភាពតានតឹងការទូត ជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ៕