ចៅក្រមសហរដ្ឋអាមេរិក បាននិយាយថា កិច្ចខិតខំប្រឹងប្រែងណាមួយរបស់រដ្ឋបាល លោក Trump ក្នុងការនិរទេសជនអន្តោប្រវសេរន៍ទៅកាន់ប្រទេសលីប៊ី នឹងបំពានយ៉ាងច្បាស់លើសេចក្តីបង្គាប់របស់តុលាការដែលរារាំងក្រុមមន្ត្រីពីការនិរទេសជនអន្តោប្រវេសន៍យ៉ាងឆាប់រហ័សទៅកាន់ប្រទេសផ្សេងៗ។

ចៅក្រមក្នុងស្រុករបស់អាមេរិក លោក Brian Murphy បានចេញសេចក្តីបង្គាប់រឹតត្បិតការនិរទេស កាលពីថ្ងៃពុធ ទី៧ ខែឧសភា បន្ទាប់ពីសារព័ត៌មាន Reuters ដកស្រង់សម្តីមន្ត្រីអាមេរិកបីរូបដែលបានរាយការណ៍ថា រដ្ឋបាល លោក Trump អាចជាលើកទីមួយ ក្នុងការនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសលីប៊ី ទោះបីជាមានកាថ្កោលទោសរបស់សហរដ្ឋអាមេរិកចំពោះទង្វើដ៏ឃោរឃៅរបស់ប្រទេសលីប៊ីលើអ្នកជាប់ឃុំក៏ដោយ។

មន្ត្រីពីររូបបាននិយាយថា យោធាអាមេរិក ដឹកជញ្ជូនជនអន្តោប្រវេសន៍តាមយន្តហោះ ទៅកាន់ប្រទេសអាហ្រ្វិកខាងជើងភ្លាមៗ ប៉ុន្តែបានសង្កត់ធ្ងន់ថាផែនការអាចផ្លាស់ប្តូរបាន។ សារព័ត៌មានReuters ពុំអាចកំណត់ថាតើជនអន្តោប្រវេសន៍ប៉ុន្មាននាក់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសលីប៊ី ឬសញ្ជាតិរបស់ពួកគេ ដែលរដ្ឋបាលនេះកំពុងសម្លឹងមើលដើម្បីនិរទេសនោះទេ។
ក្រុមអ្នកតស៊ូមតិសិទ្ធិជនអន្តោប្រវេសន៍បាននិយាយនៅក្នុងឯកសារតុលាការថា បុគ្គលដែលអាចទទួលរងការនិរទេសទៅកាន់ប្រទេសលីប៊ី ក៏រួមមានជនអន្តោប្រវេសន៍ជនជាតិហ្វីលីពីន ឡាវ និងវៀតណាម ផងដែរ។ រដ្ឋាភិបាលរួបរួមជាតិរបស់ប្រទេសលីប៊ី បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានច្រានចោលការប្រើប្រាស់ទឹកដីប្រទេសលីប៊ី ជាគោលដៅសម្រាប់ការនិរទេសជនអន្តោប្រវេសន៍ ដោយគ្មានការប្រាប់ឲ្យដឹង ឬការយល់ព្រម។