ប្រដាល់៖ ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានក្រើនរម្លឹក ដល់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ត្រូវក្រាញននៀល ខិតខំអនុវត្តតួនាទីភារកិច្ចឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងការអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសក្នុងអាណត្តិថ្មីដែលជាមានបេសកកម្មធំៗជាច្រើនដូចជាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាជាដើម។

ការថ្លែងបែបនេះ បន្ទាប់ពីឯកឧត្ដមបានទទួលការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ តាមរយៈការបោះឆ្នោតជាកញ្ចប់ដែលត្រូវបានប្រកាសក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទកាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលសហព័ន្ធបានបន្ថែមសមាជិកគណៈកម្មាធិការប្រតិបត្តិកើនដល់ ១៩រូបដើម្បីរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍កីឡាដ៏មានប្រជាប្រិយភាពមួយនេះ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ដោយសារក្នុងអាណត្តិទី៧ សហព័ន្ធត្រូវមានបេសកកម្មធំៗជាច្រើន ទើបសហព័ន្ធសម្រេចបន្ថែមក្បាលម៉ាស៊ីនពី ១៣រូបទៅ ១៩រូប។ តាមរយៈនេះឯកឧត្ដមរំពឹងថា អាណត្តិថ្មីនេះសហព័ន្ធនឹងធ្វើកំណែទម្រង់ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីចម្រាញ់ធនធានកីឡាករ-កីឡាការិនីត្រៀមប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិពីការប្រកួតអន្តរជាតិនានា ពិសេសស៊ីហ្គេម ២លើកចំពោះមុខ។
ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិទី៧ រួមមានឯកឧត្ដម តែម ម៉ឺន បន្ដធ្វើជាប្រធាន, ឯកឧត្តម វ៉ា ស៊ិនភីរម្យ ជាអនុប្រធានទី១ រួមជាមួយអនុប្រធាន ៥រូបផ្សេងទៀតមានលោកសាស្ត្រាចារ្យ ឆឹង យ៉ៅយ៉េន, លោក ម៉ិល កាដូ, ឯកឧត្តម និន ភិរម្យ, ឯកឧត្តម ប៉ែន ស៊ីនេត និងលោក ហួត សេងទ្រី។ រីឯឯកឧត្តម ហេង សុខឃន ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងលោក ផេង វណ្ណៈ ជាអគ្គហេរញ្ញិក រួមជាមួយអគ្គលេខាធិការងម្នាក់ និងសមាជិកចំនួន ៩នាក់ទៀត៕
អត្ថបទ៖ លី ឈុនឡា