ក្រុមឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) នេះថា សីតុណ្ហភាពសកលបានកើនឡើងខ្ពស់ខ្លាំងនៅជិតកម្រិតកំណត់ត្រាក្នុងខែមេសា ឆ្នាំ២០២៥នេះ ដោយបានពង្រីកការឡើងកម្ដៅផែនដី ដែលមិនធ្លាប់មានពីមុនមក និងបង្កើតជាសំណួរថា តើពិភពលោកអាចឡើងកម្ដៅបានលឿនកម្រិតណា។

រលកកម្ដៅមិនធម្មតា ធ្លាប់ត្រូវបានរំពឹងថានឹងថយចុះនៅពេលលក្ខខណ្ឌអាកាសធាតុអ៊ែលនីញ៉ូ ដែលក្តៅជាងមុន បានរលត់បាត់នៅឆ្នាំ២០២៤ ប៉ុន្តែសីតុណ្ហភាពនៅតែរឹងរូសក្នុងកម្រិតកំណត់ត្រា ឬកម្រិតជិតកំណត់ត្រារហូតដល់ឆ្នាំ២០២៥នេះ។

នៅក្នុងព្រឹត្តិបត្រចុងក្រោយរបស់ខ្លួន សេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់ប្លុកអឺរ៉ុប បាននិយាយថា ខែមេសា គឺជាខែក្តៅបំផុតទីពីរក្នុងសំណុំទិន្នន័យរបស់ខ្លួន ដែលទាញយកការវាស់វែងរាប់ពាន់លានដងពីផ្កាយរណប នាវា យន្តហោះ និងស្ថានីយ៍អាកាសធាតុទូទាំងសកលលោក។

ជាង ២០ខែចុងក្រោយនេះ ផែនដីមើលឃើញកម្ដៅហួសពីតួលេខ ១,៥អង្សាសេ លើសកម្រិតមុនឧស្សាហ៍កម្ម ដែនជាដែនកំណត់នៃការឡើងកម្ដៅផែនដី ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកម្ដៅលើសពីនេះមានន័យថា លទ្ធភាពនៃបម្រែបម្រួលអាកាសធាតុ និងបរិស្ថានដ៏ធំ និងយូរអង្វែងកាន់តែមានខ្ពស់។ អ្នកវិទ្យាសាស្ត្រជាច្រើនជឿថាគោលដៅនៃការឡើងកម្ដៅជាមធ្យមក្រោម ១,៥អង្សាសេនេះ មិនអាចសម្រេចបានទៀតទេ ហើយតួលេខនឹងឡើងហួសឆ្ងាយក្នុងប៉ុន្មានឆ្នាំទៀតនេះ៕