ក្រុមសកម្មប្រយុទ្ធហាម៉ាស បានទទូចជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ (០៧ ឧសភា) លើកិច្ចព្រមព្រៀង "ទូលំទូលាយ" ដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយអ៊ីស្រាអែល ខណៈក្រុមអ្នកជួយសង្គ្រោះនិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានបន្តសម្លាប់មនុស្សរាប់សិបនាក់ ស្របពេលគ្រោះមហន្តរាយមនុស្សធម៌កើនឡើង។

បទឈប់បាញ់រយៈពេលពីរខែនៅក្នុងសង្គ្រាម បានដួលរលំនៅក្នុងខែមីនា ដោយអ៊ីស្រាអែល បានបន្តការវាយប្រហារយ៉ាងខ្លាំងក្លា និងដាក់ការរារាំងជំនួយទាំងស្រុងលើទឹកដីប៉ាឡេស្ទីនមួយនេះ។

សមាជិកការិយាល័យនយោបាយហាម៉ាស លោក Bassem Naim បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃពុធថា "ក្រុមហាម៉ាស និងចលនាប្រឆាំងផ្សេងទៀត ទទូចឱ្យឈានដល់កិច្ចព្រមព្រៀងទូលំទូលាយ និងកញ្ចប់ពេញលេញមួយ ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា និងការឈ្លានពានទាំងស្រុង រួមជាមួយនឹងផែនទីបង្ហាញផ្លូវសម្រាប់ថ្ងៃអនាគត"។

គួរឱ្យដឹងថា អ៊ីស្រាអែល ទាមទារឱ្យមានការត្រឡប់មកវិញនូវចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស និងការរំសាយអាវុធរបស់ខ្លួន ជាអ្វីដែលក្រុមប៉ាឡេស្ទីនមួយនេះបានច្រានចោលថាជា "បន្ទាត់ក្រហម"។ ចំណែកក្រុមហាម៉ាស បានទាមទារយ៉ាងជាប់លាប់ថា កិច្ចព្រមព្រៀងបទឈប់បាញ់មួយត្រូវតែនាំទៅដល់ការបញ្ចប់សង្រ្គាម ការដកទ័ពអ៊ីស្រាអែលពេញលេញចេញពីតំបន់ហ្កាហ្សាស្ទ្រីប និងការកើនឡើងនៃជំនួយមនុស្សធម៌៕