អាហ្វ្រិកខាងត្បូង៖ ការិយាល័យប្រធានាធិបតីបាននិយាយថា ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa កំពុងទទួលការព្យាបាលសម្រាប់រោគសញ្ញាកម្រិតស្រាលនៃវីរុស COVID-19 បន្ទាប់ពីលោកបានធ្វើតេស្តវិជ្ជមានវីរុសកាលពីថ្ងៃអាទិត្យ។ លោក Ramaphosa ចាប់ផ្ដើមមិនស្រួលខ្លួន ហើយការធ្វើតេស្តបានបញ្ជាក់ថាបានឆ្លងវីរុស COVID-19។
សេចក្ដីថ្លែងការណ៍បាននិយាយថា លោកកំពុងនៅដាក់ឲ្យធ្វើចត្តាឡីស័កនៅទីក្រុង Cape Town ហើយកំពុងត្រូវបានពិនិត្យដោយអង្គភាពសេវាសុខភាពយោធាអាហ្វ្រិកខាងត្បូង។ លោកបានផ្ទេរការទទួលខុសត្រូវទាំងអស់ទៅឲ្យអនុប្រធានាធិបតីលោក David Mabuza។ លោក Ramaphosa អាយុ ៦៩ឆ្នាំបានចាក់វ៉ាក់សាំងពេញលេញរួចហើយ។ សេចក្ដីថ្លែងការណ៍មិនបាននិយាយថា តើលោកបានឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron នៃវីរុសកូរ៉ណា ឬវីរុសប្រភេទណានៅឡើយនោះទេ។
កាលពីសប្ដាហ៍មុនលោក Ramaphosa បានធ្វើដំណើរទៅកាន់ប្រទេសចំនួន៤ នៅអាហ្វ្រិកខាងលិច។ លោក និងសមាជិកទាំងអស់នៃគណៈប្រតិភូរបស់លោកត្រូវបានធ្វើតេស្តរកវីរុស COVID-19 នៅក្នុងប្រទេសនីមួយៗក្នុងអំឡុងពេលធ្វើដំណើរ។ សមាជិកមួយចំនួននៅក្នុងគណៈប្រតិភូបានធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយបានត្រឡប់ទៅអាហ្វ្រិកខាងត្បូងដោយផ្ទាល់។ លោក Ramaphosa បានវិលត្រឡប់ពីប្រទេសសេណេហ្គាល់វិញនៅថ្ងៃទី៨ ខែធ្នូ៕
អត្ថបទ៖ ប៊ុនថន