លោកស្រី Teresa Robbins អ្នកគ្រប់គ្រងស្តីទីនៃរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ (NNSA)នៅក្រសួងថាមពលសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងចាប់ផ្តើមការផលិតគ្រាប់បែកអ៊ី ដ្រូហ្សែន B61-13 ថ្មីបំផុតរបស់ខ្លួន នៅចុងខែឧសភា ពោលគឺរយៈពេលជិតមួយឆ្នាំ មុនកាលវិភាគ។
លោកស្រី បានថ្លែងនៅសវនាការក្នុងសភាថា លើសពីនេះទៅទៀត រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ (NNSA) រំពឹងថា នឹងសម្រេចបាននូវអង្គភាពផលិតកម្មដំបូងសម្រាប់គ្រាប់បែកអ៊ីដ្រូហ្សែន B61-13 នៅចុងខែនេះ ដែលមានរយៈពេលជិតពេញមួយឆ្នាំ មុនកាលវិភាគ»។

លោកស្រី បាននិយាយថា៖«កម្មវិធី W 88 alteration 370 រក្សាការដឹកជញ្ជូនទៅដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទាន់ពេលវេលា ១០០% ហើយគ្រោងនឹងបញ្ចប់ការផលិតនៅចុងឆ្នាំសារពើពន្ធ ២០២៥ ហើយកម្មវិធី W 80-4 នៅតែស្របតាមកាលវិភាគរបស់កងទ័ពអាកាសសម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ហើយយើងនឹងរំពឹងថា នឹងមានអង្គភាពផលិតដំបូង នៅក្នុងខែកញ្ញា ឆ្នាំ ២០២៧»។
ការសម្រេចចិត្តផលិតក្បាលគ្រាប់ B61-13 ត្រូវបានធ្វើឡើង ក្នុងឆ្នាំ ២០២៣ ដោយរដ្ឋបាលអាមេរិកមុន ដែលដឹកនាំដោយលោក ចូ បៃដិន (Joe Biden) ។ ការសម្រេចនេះដែរ ត្រូវបានរិះគន់ដោយអ្នកជំនាញជាច្រើន នៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស ដែលតស៊ូមតិលើការកាត់បន្ថយអាវុធនុយក្លេអ៊ែរបន្ថែមទៀត នៅក្នុងពិភពលោក។
