អាកាសយានដ្ឋានយ៉ាងហោច ២១កន្លែង នៅទូទាំងតំបន់ភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានបិទនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយទីក្រុងញូវដែល្លី វាយប្រហារគោលដៅ ៩កន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន ធ្វើឲ្យកើតមានក្តីកង្វល់ពីការកើនឡើងភាពតានតឹង ។

ឥណ្ឌា បានវាយប្រហារតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន និងប្រទេសប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាម សម្លាប់មនុស្ស ២៦នាក់ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីខែមុន ។
ឥណ្ឌា និយាយថា ពួកគេបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធក្រុមភេរវករដែលពាក់ព័ន្ធនឹងការសម្លាប់ភ្ញៀវទេសចរ ប៉ុន្តែប៉ាគីស្ថាន បានធ្វើការចា្រនចោលទាំងស្រុងថា ពួកគេគ្មានជំរំបែបនេះឡើយនៅក្នុងដែនដីរបស់ពួកគេ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឥណ្ឌា និងប៉ាគីស្ថាន បានបិទដែនអាកាសមិនឲ្យមានការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ។ ជើងហោះហើរក្នុងស្រុកនៅក្នុងប្រទេសទាំង ២ ត្រូវបានអាក់ខានផងដែរ ។
ក្រុមហ៊ុនអាកាសចរណ៍ធំឥណ្ឌា IndiGo បាននិយាយថា ពួកគេបានលុបចោលជើងហោះហើរ ១៦៥វ៉ុល រហូតដល់ព្រឹកថ្ងៃសៅរ៍ ។
ខណៈពេលនោះដែរ កងទ័ពឥណ្ឌា និយាយថា ទាហានរបស់ទីក្រុងញូវដែល្លី និងប៉ាគីស្ថាន បានបាញ់តដៃគ្នាក្នុងទ្រង់ទ្រាយតូច និងការបាញ់កាំភ្លើងធំពេញមួយយប់ថ្ងៃពុធ តាមបណ្តោយព្រំដែនតំបន់ជម្លោះកាស្មៀរ ។
គូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ បានជួបប្រទះនឹងអំពើហិង្សាដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីឥណ្ឌា បានបាញ់មីស៊ីលទៅលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ ៕
