នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានស្វាគមន៍ប្រធានាធិបតីចិនលោក Xi Jinping សម្រាប់ជំនួបនៅវិមានក្រឹមឡាំង ដែលទីក្រុងម៉ូស្គូ សង្ឃឹមថានឹងផ្តល់ការជំរុញផ្នែកការទូតសម្រាប់មេដឹកនាំរុស្ស៊ី ចំពេលសំខាន់ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ។

លោក Putin និងលោក Xi បានដើរមករកគ្នានៅលើកម្រាលព្រំពណ៌ក្រហម ពីចុងម្ខាងនៃសាលធំរបស់វិមានក្រឹមឡាំង និងបានចាប់ដៃគ្នានៅមុខកាមេរ៉ា បន្ទាប់មកពួកគេឈរគោរពភ្លេងជាតិចិន និងភ្លេងជាតិរុស្ស៊ី ។
លោក Xi គឺជាមេដឹកនាំមានអំណាចបំផុតជាងមេដឹកនាំបរទេសរាប់សិបនាក់ផ្សេងទៀត ដែលបំពេញទស្សនកិច្ចមកកាន់ទីក្រុងម៉ូស្គូ ក្នុងសប្តាហ៍នេះ ដើម្បីប្រារព្ធខួបលើកទី ៨០នៃការបញ្ចប់សង្រ្គាមលោកលើកទី ២ ។
ការប្រារព្ធខួបនេះ ធ្វើឡើងចំពេលសំខាន់នៃសង្រ្គាមជាមួយអ៊ុយក្រែន ស្របពេលដែលទីក្រុងម៉ូស្គូ និងទីក្រុងគីវ ស្ថិតក្រោមសម្ពាធសហរដ្ឋអាមេរិកដូចគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ។
លោក Xiដែលប្រទេសរបស់លោកជាប់ផុងក្នុងសង្រ្គាមពន្ធជាមួយសហរដ្ឋអាមេរិកដែរនោះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្មានដែនកំណត់ដែលប្រទេសទាំង ២ បានចុះហត្ថលេខាកាលពីឆ្នាំ ២០២២ រយៈពេលតិចជាង ៣សប្តាហ៍ មុនពេលលោក Putinបញ្ជូនកងទ័ពរុស្ស៊ី ចូលទៅក្នុងប្រទេសអ៊ុយក្រែន ។
ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី ហើយនិងបានជួយស្រោចស្រង់សេដ្ឋកិច្ចទីក្រុងម៉ូស្គូ ធ្វើឲ្យពួកគេឆ្លងផុតទណ្ឌកម្មលោកខាងលិច ។ ចិនបានទិញប្រេង និងឧស្ម័នធម្មជាតិរុស្ស៊ី ច្រើនជាងប្រទេសណាៗទាំងអស់ ៕
