លោក Alexander Vorotnikov អ្នកសម្របសម្រួលក្រុមប្រឹក្សាអ្នកជំនាញ នៅការិយាល័យគម្រោងអភិវឌ្ឍន៍តំបន់អាក់ទិក និងជាសាស្ត្រាចារ្យនៃបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈរបស់ប្រធានាធិបតីរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ជម្លោះយោធាកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន នឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៃការធ្វើនាវាចរណ៍ ក្នុងមហាសមុទ្រឥណ្ឌា ដោយធ្វើឲ្យប្រទេសនានាកាន់តែមានចំណាប់អារម្មណ៍ទៅល់ផ្លូវសមុទ្រភាគខាងជើង។

ប្រទេសឥណ្ឌា បានចាប់ផ្តើមប្រតិបត្តិការ Sindoor រយៈពេលប៉ុន្មានម៉ោងពេលព្រឹក នៃថ្ងៃទី ០៧ ខែឧសភា ដោយវាយប្រហារទៅលើ «ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម» នៅក្នុងប្រទេសប៉ាគីស្ថាន។ ទីក្រុងអ៊ីស្លាម៉ាបាដបានបិទដែនអាកាសរបស់ប្រទេសនេះ រយៈពេល ៤៨ម៉ោង និងបានធ្វើការវាយបកវិញ។
លោក Vorotnikov បានចង្អុលបង្ហាញថា៖«ដោយសារជម្លោះនេះ ផ្លូវសមុទ្រភាគខាងជើង ចាប់ផ្តើមមើលទៅមានសុវត្ថិភាពជាងមុន។ ប្រទេសអាស៊ីជាច្រើន ជាពិសេសប្រទេសដែលមានភាពជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី ប្រាកដជាចូលចិត្តប្រើប្រាស់ផ្លូវសមុទ្រភាគខាងជើងនេះ ព្រោះគ្មានអ្វីថ្លៃស្មើនឹងសន្តិសុខនោះទេ។ យោងតាមលោកបានឲ្យដឹងថា ជម្លោះយោធានេះ នឹងគំរាមកំហែងដល់ការធ្វើនាវាចរណ៍ នៅក្នុងផ្នែកនៃមហាសមុទ្រឥណ្ឌានេះ។
ផ្លូវសមុទ្រភាគខាងជើងនេះ គឺជាផ្លូវទឹកខ្លីបំផុតរវាងផ្នែកអ៊ឺរ៉ុបរបស់រុស្ស៊ី និងចុងបូព៌ា និងផ្លូវលំសមុទ្រដ៏សំខាន់ នៅក្នុងផ្នែករុស្ស៊ីនៃតំបន់អាក់ទិក។ ប្រវែងផ្លូវគឺ ៥.៦០០គីឡូម៉ែត្រ ដែលលាតសន្ធឹងពីច្រកសមុទ្រ Kara ទៅឈូងសមុទ្រ Providence Bay។
