គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ruben Amorim បានបង្ហាញពីចេតនាចង់រក្សាប្រធានក្រុមរបស់លោកខ្លួន Bruno Fernandes បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតកំពុងលួចលោមចង់បានកីឡាករព័រទុយហ្កាល់រូបនេះក្នុងកញ្ចប់ទឹកប្រាក់សន្ធឹកសន្ធាប់។
កិច្ចសន្យារបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅ Old Trafford នៅមានសុពលភាពដល់ឆ្នាំ ២០២៧ តែកីឡាករនាំលេងរបស់ព័រទុយហ្កាល់រូបនេះបានក្លាយជាគោលដៅរបស់ Al-Hilal ដែលហ៊ានផ្តល់ប្រាក់ឈ្នួលច្រើនសម្បើម និងតម្លៃផ្ទេរច្រើនសម្បើមផងដែរ។
និយាយក្នុងសន្និសីតសារព័ត៌មានការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ទល់នឹង Athletic Bilbao រាត្រីនេះគ្រូបង្វឹកលោក Ruben Amorim បានឱ្យដឹងថា ជាក់ស្តែងក្លិបពិតជាត្រូវទុនដើម្បីទិញកីឡាករបន្ថែម តែការរក្សាប្រធានក្រុមរបស់យើងគឺជាគោលដៅ។
Bruno Fernandes បានស៊ុតបញ្ចូលទី ១៩ គ្រាប់បញ្ចូន ១៨ គ្រាប់គ្រប់ក្របខណ្ឌរដូវកាលនេះ។
ពាក់ព័ន្ធនឹងការប្រកួតជើងទីពីររាត្រីនេះ Manchester United រំពឹងថា នឹងមានកៅអីវគ្គផ្តាច់ព្រ័ត្រទៅហើយ តាមរយៈការនាំមុខ ៣-០ នៅទឹកដីអេស្ប៉ាញជើងទីមួយ។
មិនមានរឿងហេតុកើតឡើងនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អឺរ៉ុបឡើយ ដែលក្រុមនាំមុខ ៣ គ្រាប់ក្រៅដីហើយ បែជាចាញ់នៅក្នុងដីធ្លាក់ពីការប្រកួត តែបាល់ទាត់រឿងអ្វីក៏អាចកើតឡើងដែរ នេះជាការលើកឡើងរបស់អ្នកចាត់ការ Atheltic Bilbao លោក Ernesto Valverde។
យ៉ាងណាក្តី Bilbao ក៏ពិបាកនឹងងើបដែរ ខណៈដែលពួកគេបាត់បង់កីឡាករប្រយុទ្ធជួរមុខបីនាក់ដោយសាររបួសរួមមាន បងប្អូនត្រកូល Williams គឺ Inaki Williams, Nico Williams រួមជាមួយអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុម Oihan Sancet ៕
អត្ថបទ៖នាង សុភាវុធ