នាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគី លោក Robert Fico កាលពីថ្ងៃពុធ បានស្តីបន្ទោសសំណើរបស់គណៈកម្មការអឺរ៉ុបក្នុងការបញ្ឈប់ទាំងស្រុងនូវការនាំចូលថាមពលពីប្រទេសរុស្ស៊ីដោយចាត់ទុកផែនការនេះថាមិនអាចទទួលយកបានក្នុងទម្រង់បច្ចុប្បន្ន។
លោក Fico បានព្រមានថា វាជា «ការធ្វើអត្តឃាតសេដ្ឋកិច្ច» ដើម្បីដាក់ការនាំចូលឧស្ម័ន ប្រេង និងឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីឲ្យដល់ទីបញ្ចប់ ដោយសារតែ «របាំងដែកថ្មី» កំពុងត្រូវបានសាងសង់ឡើងរវាងលោកខាងលិច និងសហព័ន្ធរុស្ស៊ី។

ការថ្លែងរបស់លោក បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការបង្ហាញពីផែនទីបង្ហាញផ្លូវរបស់គណៈកម្មការអឺរ៉ុប ជាផែនការដ៏ទូលំទូលាយមួយដើម្បីលុបបំបាត់ការពឹងផ្អែករបស់សហភាពអឺរ៉ុប លើឧស្ម័នរបស់រុស្ស៊ីនៅឆ្នាំ២០២៧។ ផែនទីបង្ហាញផ្លូវនេះ បញ្ជាក់ពីផែនការជាដំណាក់កាលដើម្បីបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិ និងប្រេងរបស់រុស្ស៊ីនៅទូទាំងប្លុកដែលមានសមាជិក២៧ប្រទេស។
យោងតាមផែនទីបង្ហាញផ្លូវ បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងបញ្ឈប់ភ្លាមៗនូវការចុះហត្ថលេខាលើកិច្ចសន្យាថ្មីសម្រាប់ឧស្ម័នរុស្ស៊ី និងបញ្ចប់កិច្ចព្រមព្រៀងទីផ្សារដែលមានស្រាប់ទាំងអស់នៅចុងឆ្នាំ២០២៥នេះ។ ការនាំចូលឧស្ម័នរុស្ស៊ីដែលនៅសល់ទាំងអស់នឹងឈប់នៅត្រឹមចុងឆ្នាំ២០២៧ ។
