ក្រសួងការបរទេសបារាំង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអាល់ហ្សេរី បានចេញដីកាចាប់ខ្លួនចំនួនពីរសម្រាប់អ្នកនិពន្ធជនជាតិបារាំង-អាល់ហ្សេរីលោក Kamel Daoud ខណៈដែលភាពតានតឹង កំពុងកើនឡើង រវាងប្រទេសទាំងពីរ។
ក្រសួងការបរទេស បានឲ្យដឹងថា តុលាការអាល់ហ្សេរី បានជូនដំណឹងដល់ប្រទេសបារាំងអំពីចំណាត់ការនេះ។
ក្រសួងបាននិយាយទៀតថា៖«យើងកំពុងតាមដាន ហើយនឹងបន្តតាមដានការវិវឌ្ឍនៃស្ថានភាពនេះយ៉ាងដិតដល់» ដោយសង្កត់ធ្ងន់ថា លោកDaoud គឺជា «អ្នកនិពន្ធដ៏ល្បីល្បាញ និងគួរឲ្យគោរព» ហើយថាប្រទេសបារាំង បានប្តេជ្ញាចិត្តចំពោះសេរីភាពនៃការបញ្ចេញមតិ។

នៅឆ្នាំ ២០២៤ លោក Daoud បានឈ្នះពានរង្វាន់អក្សរសាស្ត្រដ៏ល្បីរបស់ប្រទេសបារាំងឈ្មោះថា « Prix Goncourt»សម្រាប់ប្រលោមលោករបស់លោក ដែលមានចំណងជើងថា «Houris» ដែលផ្តោតលើសង្គ្រាមស៊ីវិលរបស់ប្រទេសអាល់ហ្សេរីរវាងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
ប្រលោមលោកដែលត្រូវបានហាមប្រាមនៅក្នុងប្រទេសអាល់ហ្សេរី ប្រាប់ពីរឿងរ៉ាវរបស់ក្មេងស្រីជំទង់ម្នាក់ដែលបាត់បង់សំឡេង នៅពេលដែលសមាជិកម្នាក់របស់ក្រុមសកម្មប្រយុទ្ធ បានកាត់បំពង់ករបស់នាង ខណៈដែលនាង បានមើលឃើញក្រុមគ្រួសាររបស់ខ្លួន ត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមនោះ។
កាលពីខែវិច្ឆិកា ក្មេងស្រីជំទង់មានឈ្មោះថា Saada Arbane បានប្រាប់ទូរទស្សន៍អាល់ហ្សេរី ដោយប្រើឧបករណ៍ជំនួយសំឡេងថា តួអង្គសំខាន់នៅក្នុងសៀវភៅ គឺផ្អែកលើបទពិសោធរបស់នាង។ លោក Daoud អាយុ ៥៤ឆ្នាំ បានបដិសេធថា ប្រលោមលោករបស់ខ្លួន គឺមិនផ្អែកលើជីវិតរបស់នាង Arbane។
