មន្ត្រីជាន់ខ្ពស់មកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានរួមគ្នាថ្កោលទោសការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានឯកភាពគ្នាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុ និងការគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាង តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីយ៉ាងជិតស្និទ្ធ។
ក្រសួងការបរទេស បាននិយាយថា មន្ត្រីរងថ្នាក់ប្រេសិតទទួកបន្ទុកបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងមកពីប្រទេសទាំងបី បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ ដែលធ្វើឡើងភ្លាមៗបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ កាលពីព្រឹកមិញនេះ។

នៅចន្លោះម៉ោង៨:១០ ព្រឹក ដល់ម៉ោង៩:២០ព្រឹក យោធាកូរ៉េខាងត្បូង បានរកឃើញការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីជាច្រើនប្រភេទ ពីទីក្រុង Wonsan ឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង ដែលជាការបាញ់សាកល្បងមីស៊ីលបាលីស្ទីកលើកទី ៤ របស់ប្រទេសនេះ រហូតមកទល់ពេលនេះ។
យោធាកូរ៉េខាងត្បូងបានប៉ាន់ស្មានថា ការបាញ់សាកល្បងនេះ ប្រហែលជាជាផ្នែកមួយនៃការតេស្តសមត្ថភាព ដែលទាក់ទងនឹងប្រតិបត្តិការអាវុធរបស់កូរ៉េខាងជើង ជាមួយប្រទេសរុស្ស៊ី។
មន្ត្រីនៃប្រទេសទាំងបី បានចែករំលែកការវាយតម្លៃរបស់ពួកគេ ចំពោះការបាញ់បង្ហោះនេះ ហើយបានថ្កោលទោសការបាញ់សាកល្បងមីស៊ីលនេះថា ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជា «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ចំពោះសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ និងសហគមន៍អន្តរជាតិ។
