ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ប្រជាជនមីយ៉ាន់ម៉ាជាង ៣០០នាក់ បានភៀសខ្លួនចូលប្រទេសថៃ ដើម្បីស្វែងរកការជ្រកកោន ក្រោយមានការវាយប្រហារលើយោធាដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដោយការវាយប្រហារនេះកើតមានឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរបបយោធាបានប្រកាសបន្តបទឈប់បាញ់ ក្រោយគ្រោះរញ្ជួយដី។
សហភាពមីយ៉ាន់ម៉ាបានជាប់យ៉ាងជ្រៅនៅក្នុងជម្លោះស៊ីវិល ចាប់តាំងពីមានរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០២១ ដោយរបបយោធាបានប្រយុទ្ធជាមួយនឹងក្រុមចម្រុះនៃអង្គការប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ។

យោងតាមយោធាថៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ (ទី៧ ខែឧសភា) ការវាយប្រហារដោយកងទ័ពរំដោះជាតិការ៉ែន (KNLA) និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺអង្គការការពារជាតិការ៉ែន (KNDO) បានកំណត់គោលដៅលើមូលដ្ឋានយោធា នៅក្នុងរដ្ឋ Kayin ដែលមានចម្ងាយប្រហែល ២,៥គីឡូម៉ែត្រពីព្រំដែនថៃ។
សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា៖ «ការវាយប្រហារនេះពាក់ព័ន្ធនឹងការឡោមព័ទ្ធមូលដ្ឋាន ក្នុងរយៈចម្ងាយជិត និងការប្រើប្រាស់យានដ្រូនប្រដាប់អាវុធ ដើម្បីទម្លាក់គ្រឿងផ្ទុះជាបន្តបន្ទាប់ពេញមួយថ្ងៃ»។
ក្រុមមន្ត្រីបានប្រាប់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រជាជនមីយ៉ាន់ម៉ាចំនួន ៣២៧នាក់ បានឆ្លងចូលប្រទេសថៃ ហើយកំពុងស្នាក់នៅក្នុងទីតាំងបណ្តោះអាសន្នចំនួន ២កន្លែង ក្នុងនោះមានរួមទាំងព្រះវិហារមួយផងដែរ ដោយយោធា និងនគរបាលថៃផ្តល់ការការពារសន្តិសុខ និងជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា រដ្ឋាភិបាលយោធារបស់សហភាពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជាច្រើនដែលប្រឆាំងនឹងខ្លួន បានប្រកាសបទឈប់បាញ់ បន្ទាប់ពីមានគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា ដែលបានសម្លាប់មនុស្សជិត ៣.៨០០នាក់ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញ។ បទឈប់បាញ់ត្រូវបានរំលោភបំពានជាបន្តបន្ទាប់ ដោយការវាយប្រហារតាមអាកាសរបស់របបយោធា និងការវាយប្រហារដោយក្រុមប្រដាប់អាវុធ៕
