រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) បានច្រានចោលការចោទប្រកាន់ ដែលថា រដ្ឋាភិបាលរបស់លោកមានជាប់ពាក់ព័ន្ធក្នុងផែនការកំណត់គោលដៅលើស្ថានទូតអ៊ីស្រាអែល នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស បន្ទាប់ពីមានការចាប់ខ្លួនជនជាតិអ៊ីរ៉ង់ ៧នាក់។
នគរបាលអង់គ្លេស បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់ចំនួន ៧នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានប្រព្រឹត្ត «បទល្មើសភេរវកម្ម» អំឡុងប្រតិបត្តិការដាច់ដោយឡែកពីគ្នា ដោយមនុស្ស ៣នាក់ ចាប់ខ្លួននៅថ្ងៃសៅរ៍ ខណៈ ៤នាក់ទៀត នៅថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីមហាផ្ទៃរបស់ចក្រភពអង់គ្លេស លោក Yvette Cooper បាននិយាយថា ការចាប់ខ្លួននេះបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីសកម្មភាពរបស់អ៊ីរ៉ង់។
សារព័ត៌មាន The Times បានរាយការណ៍ថា ការចាប់ខ្លួននេះ បានកើតមានឡើង បន្ទាប់ពីមានការចោទប្រកាន់ ពាក់ព័ន្ធនឹងផែនការអាក្រក់ ដែលដាក់គោលដៅទៅលើស្ថានទូតអ៊ីស្រាអែល នៅទីក្រុងឡុងដ្រ៍ ប៉ុន្តែក្រុមមន្ត្រីមិនបានធ្វើអត្ថាធិប្បាយទេ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X លោក Araghchi បានលើកឡើងថា៖ «ប្រទេសអ៊ីរ៉ង់ ដោយគ្មានលក្ខខណ្ឌច្បាស់លាស់ បដិសេធទាំងស្រុងនូវការពាក់ព័ន្ធណាមួយ នៅក្នុងសកម្មភាពបែបនេះ ហើយបញ្ជាក់ថា យើងមិនត្រូវបានជូនដំណឹង អំពីការចោទប្រកាន់ណាមួយ តាមរយៈបណ្តាញការទូតឲ្យបានសមស្របនោះឡើយ»។
លោកបានបន្ថែមថា៖ «អ៊ីរ៉ង់បានជំរុញឲ្យចក្រភពអង់គ្លេសចូលរួមសហការ ដើម្បីឲ្យយើងអាចជួយដល់ការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន» ដោយលោកកត់សម្គាល់ថា «ពេលវេលា និងកង្វះនៃការចូលរួម បង្ហាញថា មានអ្វីមួយមិនប្រក្រតី» ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះឡើយ។
អ៊ីរ៉ង់បានអំពាវនាវឲ្យមានការបំភ្លឺជាបន្ទាន់ ជុំវិញការចាប់ខ្លួន និងសុំឲ្យកុងស៊ុលចូលទៅជួបអ្នកជាប់ឃុំ៕

