នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានអំពាវនាវឲ្យបន្តការប្រុងប្រយ័ត្ន និងទំនាក់ទំនងច្បាស់លាស់ នៅក្នុងសេចក្តីអត្ថាធិប្បាយលើកដំបូងរបស់លោក ចាប់តាំងពីការកើនឡើងអរិភាពរវាងប្រទេសរបស់លោក និងប្រទេសជិតខាងប៉ាគីស្ថាន ។
នៅក្នុងជំនួបកម្រិតខ្ពស់ជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលឥណ្ឌានាថ្ងៃព្រហស្បតិ៍នេះ លោក Modi បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការសម្របសម្រួលផ្ទៃក្នុងដ៏រឹងមាំ និងភាពធន់ ជាការប្រឈមអរិភាពជាមួយប្រទេសជិតខាង ។
នៅពេលមុននេះ រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយប្រាប់ជំនួបជាមួយក្រុមមេដឹកនាំនយោបាយថា ប្រតិបត្តិការយោធារបស់ឥណ្ឌាប្រឆាំងគោលដៅនៅប៉ាគីស្ថាន នៅតែបន្តកើតឡើង ។
ឥណ្ឌា និយាយថា ពួកគេបានវាយប្រហារគោលដៅប្រព័ន្ធការពារដែនអាកាសនៅតាមទីតាំងជាច្រើនកន្លែងក្នុងប្រទេសប៉ាគីស្ថាន នាព្រឹកថ្ងៃពុធនេះ ។ សេចក្តីប្រកាសក្នុងសេចក្តីថ្លែងការណ៍រដ្ឋាភិបាលនេះ គឺជាលើកដំបូងហើយដែលឥណ្ឌាបញ្ជាក់ថា ពួកគេមានគោលដៅលើការដំឡើងយោធារបស់ប៉ាគីស្ថាន ៕