យោងតាមក្រុមមន្រ្តីសុខភាព បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១៦នាក់នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប បន្ទាប់ពីរយៈពេល ២៤ម៉ោងស្លាប់មនុស្សដ៏ច្រើន ដែលគេមើលឃើញមនុស្សជាង ១០០នាក់ បាត់បង់ជីវិតរបស់ពួកគេ ។
កាសែត Al Jazeera រាយការណ៍ថា ការវាយប្រហារថ្មីនៅថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀតនៅជំរំ Deir el-Balah និងជំរំ Nuseirat ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ។ នៅជំរំ Shujayea ស្ថិតនៅភាគខាងកើតទីក្រុងហ្កាហ្សា ការផ្លោងគ្រាប់កាំភ្លើងធំ បានសម្លាប់មនុស្សម្នាក់ និងមនុស្សជាច្រើននាក់ទៀត រងរបួស ។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa រាយការណ៍ថា នៅតំបន់ភាគខាងជើងហ្កាហ្សា យន្តហោះចម្បាំងអ៊ីស្រាអែល ដាក់គោលដៅលើផ្ទះមួយខ្នងនៅទីក្រុង Beit Lahiya ដោយសម្លាប់មនុស្ស ៥នាក់ ។ ក្រុមជួយសង្រ្គោះ កំពុងរុករកស្រ្តីម្នាក់ ដែលគេជឿថា ជាប់ខ្លួននៅក្រោមគំនរបាក់បែកអគារ ។
នៅទីក្រុង Khan Younis ក្មេងស្រីម្នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ៤នាក់ រងរបួស ក្រោយការផ្លោងគ្រាប់កាំភ្លើងធំអ៊ីស្រាអែលត្រូវចំជម្រកសំពត់តង់របស់គ្រួសារជម្លៀសខ្លួននៅភាគខាងលិចទីក្រុងមួយនេះ ៕