រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និយាយថា បទឈប់បាញ់ឯកតោភាគីរយៈពេល ៣ថ្ងៃរបស់រុស្ស៊ី បង្ហាញថាជារឿងគួរឲ្យអស់សំណើច ពីព្រោះថា ការវាយប្រហារនៅតែបន្តទូទាំងខ្សែត្រៀមមុខ ។
លោកបានចោទប្រកាន់ការបំពានរបស់រុស្ស៊ីចំនួន ៧៣៤លើក ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលយប់អធ្រាត្រឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ ហើយអ៊ុយក្រែនបានឆ្លើយតបដ៏ស័ក្តិសមវិញរាល់ការវាយប្រហារទាំងអស់ ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បាននិយាយយ៉ាងទទួចថា បទឈប់បាញ់ដែលប្រកាសដោយលោកប្រធានាធិបតី Vladimir Putin ដើម្បីបារព្ធទិវាជ័យជំនះសង្រ្គាមលោកលើកទី ២ ត្រូវបានអនុវត្ត ហើយលោកបានចោទប្រកាន់អ៊ុយក្រែនថា ពួកគេបានបំពានចំនួន ៤៨៨លើក ។
យោងតាមការអះអាងរបស់សេវាកម្មសង្រ្គោះបន្ទាន់ បានឲ្យដឹងថា មនុស្សម្នាក់ ត្រូវបានសម្លាប់នៅតំបន់ភាគខាងជើង Sumy ប្រទេសអ៊ុយក្រែន ។
លោក Viktor Trehubov គឺជាអ្នកនាំពាក្យយោធាអ៊ុយក្រែននិយាយថា មាននូវការវាយប្រហាររបស់យោធារុស្ស៊ីផងដែរតាមតំបន់ជាច្រើននៅភាគខាងកើតអ៊ុយក្រែន ក្រោយបទឈប់បាញ់រុស្ស៊ី ចូលជាធរមាន ។
ទីក្រុងគីវ បានច្រានចោលបទឈប់បាញ់របស់រុស្ស៊ី ក្នុងនោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ចាត់ទុកវាថាជាការ “សម្តែងឆាកល្ខោន” រៀបចំឡើងដើម្បីការពារពិធីដង្ហែរព្យុហយាត្រាទិវាជ័យជំនះក្រុងម៉ូស្គូនៅថ្ងៃសុក្រ ៕