ប្រទេសន័រវែស នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងប្រឹងប្រែងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសន្តិសុខជាមួយប្រទេសជិតខាងអឺរ៉ុបខាងជើង និងសម្ព័ន្ធមិត្តសំខាន់ៗផ្សេងទៀត នៅអឺរ៉ុប ដោយពង្រឹងការការពារប្រឆាំងនឹងរុស្ស៊ី និងជាសញ្ញានៃការផ្លាស់ប្តូរ សម្រាប់ប្រទេសមួយដែលជាសមាជិកឆ្លងមហាសមុទ្រអាត្លង់ទិកនិយមបំផុតជាងគេរបស់អង្គការណាតូ។
នៅក្នុងឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិដំបូងរបស់ខ្លួន រដ្ឋាភិបាលបានលើកឡើងថា ខណៈដែលសម្ព័ន្ធមិត្តយោធាណាតូ នៅតែមានសារៈសំខាន់ដដែល ការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីពាណិជ្ជកម្ម និងសន្តិសុខ បានធ្វើឲ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកកាន់តែពិបាកស្មានជាងមុន។
ឯកសារនោះ បានបន្ថែមថា៖ «ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប បានប្រែប្រួល ដោយគោលនយោបាយមិនប្រក្រតី និងការប្រឈមមុខដាក់គ្នា ក្នុងរួមទាំងការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងគោលនយោបាយពាណិជ្ជកម្មផងដែរ បានបង្កើតឲ្យមានភាពមិនច្បាស់លាស់យ៉ាងធំធេង នៅក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក។ ការបន្តពង្រីកវត្តមានយោធាអាមេរិកយ៉ាងទូលំទូលាយ នៅអឺរ៉ុប មិនត្រូវបានធានាទេ»។
ប្រទេសន័រវេស ដែលជាសមាជិកស្ថាបនិកអង្គការណាតូ ជាប្រពៃណីស្ថិតនៅចំណោមបណ្ដាប្រទេសឆ្លងមហាសមុទ្រអាត្លង់ទិកនិយមបំផុតជាងគេ នៅក្នុងសម្ព័ន្ធភាពយោធានេះ៕