ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) នេះ បានប្រកាសពីកិច្ចព្រមព្រៀងមួយជាមួយចក្រភពអង់គ្លេស ស្តីពីពាណិជ្ជកម្ម ដែលនឹងក្លាយជាកិច្ចព្រមព្រៀងបែបនេះដំបូងគេ ចាប់តាំងពីលោកបានចាប់ផ្តើមចេញវិធានការយ៉ាងតឹងរ៉ឹងនូវការដំឡើងពន្ធជាសកលរបស់លោក។
តែយ៉ាងណាក្ដី លោក Trump មិនបានផ្តល់ព័ត៌មានលម្អិត អំពីវិសាលភាពនៃកិច្ចព្រមព្រៀងដែលកើតមានឡើង ក្នុងរយៈពេលមួយខែ បន្ទាប់ពីលោកបានដាក់អត្រាពន្ធយ៉ាងធ្ងន់ធ្ងរលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែមេសា ដែលលោកហៅថា «ថ្ងៃរំដោះ»។
លោកប្រធានាធិបតីបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោកថា៖ «កិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស គឺជាកិច្ចព្រមព្រៀងពេញលេញ និងគ្រប់ជ្រុងជ្រោយ ដែលនឹងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ»។
លោកបានបន្ថែមថា៖ «ដោយសារប្រវត្តិដ៏យូរអង្វែងរបស់យើង និងភក្តីភាពជាមួយគ្នា វាគឺជាកិត្តិយសដ៏អស្ចារ្យខ្លាំងណាស់ដែលចក្រភពអង់គ្លេស គឺជាសេចក្តីប្រកាសដំបូងរបស់យើង។ កិច្ចព្រមព្រៀងជាច្រើនផ្សេងទៀត ដែលស្ថិតក្នុងដំណាក់កាលចរចាយ៉ាងម៉ត់ចត់ នឹងមានតាមក្រោយ!»។
សារព័ត៌មាន Wall Street Journal បានពិពណ៌នាថា វាជាកិច្ចព្រមព្រៀង «ក្របខ័ណ្ឌ» ដោយលើកឡើងថា វានៅឆ្ងាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទូលំទូលាយ ដែលចក្រភពអង់គ្លេសស្វែងរក បន្ទាប់ពីខ្លួនការចាកចេញពីសហភាពអឺរ៉ុប៕