រដ្ឋមន្រ្តីក្រសួងព័ត៌មានប៉ាគីស្ថានលោក Attaullah Tarar បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងប៉ាគីស្ថាន បានសម្លាប់ទាហានឥណ្ឌាចន្លោះពី ៤០-៥០នាក់ និងបានបំផ្លាញទីស្នាក់ការកណ្តាលកងពលតូចរបស់ពួកគេទាំងស្រុង ស្ថិតនៅខ្សែបន្ទាត់គ្រប់គ្រងព្រំដែនបែងចែកតំបន់កាស្មៀររបស់ប៉ាគីស្ថាន និងតំបន់កាស្មៀររបស់ឥណ្ឌា ។ លោកបានចាត់ទុកវាថាជាជោគជ័យដ៏ធំមួយនៅក្នុងសង្រ្គាម ។
លោកនិយាយផងដែរថា ឥណ្ឌាបានប្រើប្រាស់យានដ្រូន Harop ផលិតនៅអ៊ីស្រាអែល ឬហៅថាយានដ្រូន Rafale ក្រោយទទួលរងការបាត់បង់ដ៏ច្រើន ។
យោងតាមសម្តីរបស់លោក Tarar បានឲ្យដឹងថា យានដ្រូន ២៥គ្រឿងនៅក្នុងចំណោមយានដ្រូនទាំងនេះ ត្រូវបានបាញ់ទម្លាក់ដោយប៉ាគីស្ថាន ក្នុងនោះយានដ្រូនមួយចំនួន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធនការពារដែនអាកាស ។
យានដ្រូនប្រើប្រាស់នៅក្នុងការវាយប្រហារចុងក្រោយរបស់ឥណ្ឌា ត្រូវបានគេកំណត់ថា ជាយានដ្រូនម៉ូដែល Harop MK 2 របស់អ៊ីស្រាអែល ។
ប៉ាគីស្ថាន រាយការណ៍ថា ជនស៊ីវិលយ៉ាងហោច ៣១នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤៦នាក់ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់ឥណ្ឌា និងការផ្លោងគ្រាប់កាំភ្លើងធំ ចាប់តាំងពីជម្លោះកើតឡើង ។
ជាការឆ្លើយតប ប៉ាគីស្ថានបានបង្កើនការបាញ់ប្រហារឆ្លងកាត់ព្រំដែននៅតំបន់កាស្មៀរ ។ យោងតាមសេចក្តីថ្លែងការណ៍ចេញដោយក្រសួងការពារជាតិឥណ្ឌា បានឲ្យដឹងថា មនុស្ស ១៦នាក់ ត្រូវបានសម្លាប់នៅភាគីខាងឥណ្ឌារួមទាំងកុមារ ៥នាក់ និងស្រ្តី ៣នាក់ ៕