ក្រុមអ្នកភូមិរស់នៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន ស្ថិតក្នុងតំបន់កាស្មៀរនៅថ្ងៃព្រហស្បតិ៍នេះ និយាយថា ពួកគេចង់បានសន្តិភាព ក្រោយការផ្លោងគ្រាប់កាំភ្លើងធំដ៏តានតឹង និងការផ្ទុះអាវុធដាក់គ្នាឆ្លងកាត់ព្រំដែនរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ បានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេគ្មានសេសសល់ ។
ផ្ទះសម្បែងប្រជាពលរដ្ឋរងការឆាបឆេះ ហើយក្រុមអ្នកស្រុក រងរបួស ពេលពួកគេព្យាយាមរត់គេចចេញទៅកាន់កន្លែងមានសុវត្ថិភាពនៅលើភ្នំ អំឡុងការផ្លោងគ្រាប់កាំភ្លើងធំ ។
លោក Revina Begum គឺជាអ្នកភូមិមួយរូបនិយាយថា សត្វចិញ្ចឹមរបស់ពួកយើង និងទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានបំផ្លាញអស់ ។ គ្មានអ្វីនៅសេសសល់ទៀតទេ ។ ការប្រយុទ្ធគ្នានេះ ត្រូវតែបញ្ឈប់ ហើយគួរតែមានសន្តិភាព ។ ពួកយើងសូមអង្វរ ផ្តល់សន្តិភាពដល់ពួកយើងមក ពួកយើងចង់បានសន្តិភាពសម្រាប់អ្នករាល់គ្នា ។
ចំណែកឯលោក Javed Ahamed គឺជាអ្នកភូមិម្នាក់ទៀត និយាយថា លោកទទួលបានការទូរស័ព្ទចូលនៅវេលាម៉ោង ១ និង ៣០នាទីយប់រំលងអធ្រាត្រនិយាយប្រាប់ថា មាននូវការផ្លោងគ្រាប់កាំភ្លើងធំ ហើយអ្វីៗគ្រប់បែបយ៉ាង ត្រូវបានបំផ្លិចបំផ្លាញអស់ ។ មនុស្សបានរងរបួស អ្នករាល់គ្នាព្យាយាមរត់ទៅរកទីសុវត្ថិភាព ដើម្បីការពារខ្លួនពួកគេ ។
ការផ្លោងគ្រាប់កាំភ្លើងធំ បានចាប់ផ្តើមកើតមាន ក្រោយឥណ្ឌា វាយប្រហារប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន ហើយប៉ាគីស្ថាន និយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំង ឥណ្ឌា ៥គ្រឿង ហើយនិងសន្យាសងសឹក នៅក្នុងការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ រវាងប្រទេសទាំង ២ ។
ក្រសួងការបរទេសឥណ្ឌា និយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោច ១៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤៣នាក់ផ្សេងទៀត រងរបួសនៅភាគីខាងឥណ្ឌា ។
ដោយឡែក ប៉ាគីស្ថាននិយាយថា ជនស៊ីវិលរបស់ខ្លួនយ៉ាងហោច ៣១នាក់ ត្រូវបានសម្លាប់ ហើយពួកគេនិយាយថា ឥណ្ឌាបានបញ្ឆេះភ្លើងសង្រ្គាមនៅក្នុងតំបន់ ៕

