ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បាននិយាយថា ពួកគេនឹងត្រូវស្លាប់នៅថ្ងៃណាមួយជាក់ជាពុំខាននោះទេ នៅពេលជួបភាពស្រេកឃ្លានខ្លាំងបែបនេះ ។
ពួកគេនិយាយថា ពួកគេគ្មានជម្រើសនោះទេ ប៉ុន្តែត្រូវតែប្រើប្រាស់ម៉្សៅខូចៗ ដើម្បីធ្វើនំបុ័ងប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លាន ។ ជនប៉ាឡេស្ទីនខ្លះទៀតច្របាច់ម៉្សៅប៉ាស្តា ធ្វើវាជានំបុ័ងដើម្បីចិញ្ចឹមកូនៗរបស់ពួកគេ ។
អ្នកស្រី Amna Rizk គឺជាស្រ្តីប៉ាឡេស្ទីនម្នាក់មានកូន ៦នាក់ និយាយថា ពួកយើងច្របាច់ម៉្សៅប៉ាស្តា ដើម្បីធ្វើនំបុ័ង ប៉ុន្តែពួកយើងមិនដឹងថាតើវាអាចធ្វើបាន ឬមិនបាននោះទេ ហើយសូមអរគុណព្រះដែលវាអាចធ្វើបាន ។ ពួកយើងដុតវា វាប្រសើរជាជាងពួកយើងត្រូវស្លាប់ដោយសារភាពស្រេកឃ្លាន ។
អ្នកស្រីបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ច្បាស់ណាស់ថាពួកយើងនឹងត្រូវស្លាប់នៅថ្ងៃណាមួយជាក់ជាពុំខាននោះទេ ដោយសារតែគ្មានអាហារ និងទឹកផឹក ។
អ្នកស្រី Samaher al-Ghoula ដែលជាជនប៉ាឡេស្ទីនជម្លៀសខ្លួនម្នាក់ទៀតនៅទីក្រុងហ្កាហ្សា និយាយថា អ្នកស្រីគ្មានជម្រើសដូចគ្នា មានតែប្រើប្រាស់ម៉្សៅខូចៗ ដើម្បីជួយចិញ្ចឹមសមាជិកគ្រួសារ ១២នាក់របស់គាត់ និងខ្លួនគាត់ផ្ទាល់ ។
អ្នកស្រីបន្តថា ពេលដែលពួកយើងរែងម៉្សៅ ពួកយើងឃើញសុទ្ធតែកណ្តៀរ ដូចអ្នកឃើញហើយថាវាសម្បូរសត្វកណ្តៀរច្រើនណាស់ ហើយវាខូចគុណភាពទៀត មនុស្សប្រហែលជាបោះវាចោលឲ្យសត្វស៊ីហើយ តែសម្រាប់ពួកយើង ពួកយើងត្រូវរែងវា ដើម្បីយកវាមកធ្វើនំបុ័ង ។
អ៊ីស្រាអែលប្រឈមនឹងសម្ពាធអន្តរជាតិកើនឡើង ឲ្យដកចេញការបិទច្រកដែលបានដាក់កាលពីខែមីនា ក្រោយការដួលរលំបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានបញ្ឈប់សង្រ្គាមរយៈពេល ២ខែ ។
អ៊ីស្រាអែលបានចោទប្រកាន់ទីភ្នាក់ងារជំនួយ រួមទាំងអង្គការសហប្រជាជាតិ(UN)ថាបណ្តោយឲ្យបរិមាណជំនួយដ៏ច្រើនធ្លាក់ក្នុងកណ្តាប់ដៃក្រុមហាម៉ាស ដែលពួកគេចោទប្រកាន់ថាបានរឹបអូសការផ្គត់ផ្គង់សម្រាប់ជនស៊ីវិល និងប្រើប្រាស់សម្រាប់កងកម្លាំងផ្ទាល់ខ្លួនរបស់ពួកគេ ។
ប៉ុន្តែក្រុមហាម៉ាស បានច្រានចោលការចោទប្រកាន់មួយនេះ និងបានចោទប្រកាន់អ៊ីស្រាអែលថា ប្រើប្រាស់ភាពអត់ឃ្លានជាអាវុធប្រឆាំងជនប៉ាឡេស្ទីន ៕

