សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំបង្កើតព្រឹត្ដិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន នៅខេត្ដសៀមរាប ពិតជាមានន័យធំធេង ក្នុងការបង្កើនផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូល ឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។
ព្រឹត្ដិការណ៍នេះ ធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១ នៅខាងមុខប្រាសាទអង្គរ និងទីក្រុងសៀមរាប។
ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងបែបនេះ នៅក្នុងពិធីបិទ ព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន កាលពីល្ងាចថ្ងៃទី១២ខែធ្នូឆ្នាំ២០២១នេះ។
ឯកឧត្ដមបានបន្ដថា កម្ពុជាធ្វើជាប្រធានប្តូរវេន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ហើយបានប្រកាសជ្រើសរើសយក ទីក្រុងសៀមរាម ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២។
ការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាននេះ គឺជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ពិសេសសម្រាប់ខេត្តសៀមរាប ដែលជាទឹកដីពោរពេញទៅដោយមរតកវប្បធម៌ដ៏សម្បូណ៌បែបទាំងរូបី និងអរូបី ជាពិសេសរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និងជាគោលដៅទេសចរណ៍វប្បធម៌ ប្រកបដោយសក្តានុពលនៅក្នុងតំបន់ និងពិភពលោក។ឯកឧត្ដមបានបន្ដថា ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាផ្នែកមួយនៃការស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូដ១៩ ដើម្បីបើកដំណើរការស្តារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់ទុកព្រឹត្តិការណ៍វប្បធម៌នេះ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយដ៏សំខាន់ និងសូមគាំទ្រឲ្យបន្តរៀបចំមហោស្រពប្រកួតប្រជែង បង្ហាញស្នាដៃសិល្បៈវប្បធម៌ គ្រប់រូបភាព ឲ្យកាន់តែផុលផុសឡើងថែមទៀត ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឲ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរ ឲ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។
ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាកាលានុវត្តភាពក្នុងការរៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅ វិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាព ដោយចាប់យកអត្ថប្រយោជន៍ពីសក្តានុពល ធនធានវប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន តាមរយៈការបង្កើតផលិតផលវប្បធម៌ថ្មីៗសម្បូណ៌បែបថែមទៀត សម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងស្រុក និងវិស័យទេសចរណ៍ ដែលជួយជំរុញធ្វើឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ ស័ក្តិសមជា ព្រះរាជាណាចក្រនៃវប្បធម៌។
ឯកឧត្ដម ស្នើឱ្យផ្នែកពាក់ព័ន្ធនានា យកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យសិល្បៈ និងអ្នកចំណេះជំនាញដែលជាជ័យលាភីកន្លងមក និងក្នុងពេលនេះ ត្រូវខិតខំយក ចិត្តទុកដាក់ថែរក្សា និងផ្ទេរចំណេះដឹងជូនសាធារណជន ពិសេសយុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេមាន ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ និងចូលរួមជាចំណែកក្នុងការថែរក្សាការពារមត៌កវប្បធម៌ឲ្យបាន គង់វង្សទៅអនាគត។ ភាពគង់វង្ស និងរីកចម្រើននៃវប្បធម៌ជាតិក៏ជាផ្នែកមួយនេះការលើកម្ពស់សេដ្ឋកិច្ចជាតិ និងសុខមាលភាពសង្គមផងដែរ។
សូមជម្រាបថា ព្រឹត្ដិការណ៍នេះក៏មានការតាំងពិព័រណ៍ និងប្រគួតប្រជែងម្ហូបអាហារខ្មែរផងដែរ។
យោងតាមរបាយការណ៍បូកសរុបរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ និងការចុះពិនិត្យជាក់ ស្តែង ឃើញថា ព្រឹត្តិការណ៍នេះ មានសកម្មភាពវប្បធម៌ជាច្រើន នៅតាមទីកន្លែងផ្សេងៗគ្នា នៅក្នុងក្រុងសៀមរាប និងនៅរមណីយដ្ឋាន មានជាអាទិ៍ ការបង្ហាត់និងបង្ហោះខ្លែងខ្មែរ, មហោស្រពដណ្តាំស្លរម្ហូបអាហារខ្មែរ, តន្ត្រីបុរាណ, របាំ, ល្ខោន, ល្បុក្កតោ, កម្មវិធីអំណាន, ការគូររូបតាមដងផ្លូវការសូត្រកំណាព្យការនិទានរឿង, ការតាំងពិព័រណ៍គំនូរតម្បាញសូត និងកម្មវិធីចម្រុះជាច្រើនទៀត៕










