កីឡារាំ៖ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យវិស័យឯកជន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងប្រជាពលរដ្ឋចូលរួមគាំទ្រដល់វិស័យកីឡា និងលេងកីឡាទាំងអស់គ្នា ដើម្បីរួមចំណែកឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ក្រោយដំណើការប្រកួតរយៈពេល ១ថ្ងៃពេញនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ក្នុងឱកាសនោះក៏មានការចូលរួមពីលោកជំទាវ ឆៃ ច័ន្ទរិទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាផងដែរ។ ឯកឧត្តម ហោ ណាំហុង មានប្រសាសន៍ថា ដើម្បីជំរុញឲ្យវិស័យកីឡាកម្ពុជារីកចម្រើនពិសេសកីឡារាំ ឯកឧត្តមបានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ និងថវិកា។ រីឯប្រជាពលរដ្ឋត្រូវគាំទ្រ និងលើកទឹកចិត្តឲ្យកូនខ្លួនចូលលេងកីឡា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិក្រោមពាក្យស្លោក «យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ទាំងអស់គ្នា»។

ទន្ទឹមជាមួយគ្នា ឯកឧត្តមបានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីគប្បីខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រកួតប្រជែង និងមេដាយមកជូនជាតិ ហើយធ្វើឲ្យអន្តរជាតិបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៥០នាក់មកពី ៦ក្លិប ប្រកួតលើវិញ្ញាសារាំអន្តរជាតិចំនួន ២៣ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើម និងធនធានបន្ដវេនសម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា