វីដេអូដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា បានបង្ហាញមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) កំពុងត្រួតពិនិត្យមូលដ្ឋានយានដ្រូននៅក្រោមដី។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថាតើ វីដេអូនេះត្រូវបានថតនៅពេលណា និងនៅកន្លែងណានោះទេ។

ក្នុងអំឡុងពេលចុះពិនិត្យ ឧត្តមសេនីយ Hossein Salami បាននិយាយថា កងកម្លាំងរបស់លោកនឹង «កំណត់គោលដៅ និងវាយលុកនៅចំណុចណាមួយដែលជាផលប្រយោជន៍របស់សត្រូវស្ថិតនៅ។
លោកបានចុះពិនិត្យមូលដ្ឋានយានដ្រូន ជាមួយឧត្តមសេនីយ Alireza Tangsiri មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម ។

យោងតាមរបាយការណ៍របស់អ៊ីរ៉ង់បានឲ្យដឹងថា មូលដ្ឋាននេះ ត្រូវបានបំពាក់ដោយឧបករណ៍គាំទ្រនិងទំនើបសម្រាប់ការពារដែនសមុទ្រដ៏រឹងមាំ។ មូលដ្ឋាននេះ ត្រូវបានបង្ហាញនៅថ្ងៃដែលអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសរាប់សិបលើកនៅភាគខាងត្បូងប្រទេសលីបង់ក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតនៅក្នុងតំបន់ ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់សង្គ្រាមកាលពីឆ្នាំមុន ជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។
វីដេអូនេះ ត្រូវបានចាក់ផ្សាយនៅមុនជុំទី៤នៃកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចនិយាយថា មានបំណងឆ្ពោះទៅរកការផលិតអាវុធ ខណៈអ៊ីរ៉ង់ទទូចថា វាសម្រាប់តែគោលបំណងស៊ីវិលសុទ្ធសាធ។
