ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ថា ក្រុមរដ្ឋមន្ត្រី បានមកជួបប្រជុំគ្នានៅប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដែលនឹងផ្តល់ការព្រមព្រៀងផ្នែកនយោបាយចុងក្រោយ ក្នុងការបង្កើតតុលាការពិសេសសម្រាប់ឧក្រិដ្ឋកម្មឈ្លានពានលើអ៊ុយក្រែន។

លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាសាវី ប្រទេសប៉ូឡូញ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា «នឹងពុំមាននិទណ្ឌភាពទេ។ វានឹងមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្ត»។

ថ្លែងរួមជាមួយ លោកស្រី Kallas រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានជំរុញឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យបាន «សមហេតុផលបន្ថែមទៀត» ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ លោកនិយាយថា «ខ្ញុំមិនបានឃើញសម្បទានណាមួយឡើយពីខាងភាគីលោកPutin ហើយខ្ញុំសង្ឃឹមថាលោកប្រធានាធិបតី Trump ដែលត្រូវបានគេដឹងថាជាអ្នកចរចា នឹងមានការសន្និដ្ឋានត្រឹមត្រូវ ។
លោកស្រី Kallas ក៏បានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៅតំបន់ហ្កាហ្សា ដោយចាត់ទុកថា «មិនអាចទទួលយកបាន និងកាន់តែធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស»។