សហភាពអាហ្រ្វិក(AU) អង្គការសហប្រជាជាតិ(UN) និងអ្នកឃ្លាំមើលសន្តិភាពនៅស៊ូដង់ខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមេដឹកនាំប្រទេសនេះបញ្ឈប់អរិភាព ហើយបន្តការសន្ទនាជាបន្ទាន់ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។

បេសកកម្មសហភាពអាហ្វ្រិកនៅប្រទេសស៊ូដង់ខាងត្បូង បេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង អាជ្ញាធរអន្តររដ្ឋាភិបាលទទួលបន្ទុកការអភិវឌ្ឍន៍ ប្លុកអាហ្វ្រិកខាងកើត និងគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃរួម ដែលឃ្លាំមើលការអនុវត្តសន្តិភាព បានបង្ហាញការព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃស្ថានភាពនយោបាយ និងសន្តិសុខនៅទូទាំងប្រទេសស៊ូដង់ខាងត្បូង។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅក្នុងទីក្រុង Juba រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងថា «ការវាយប្រហារតាមអាកាស និងដីគោក ដែលនៅបន្តកំពុងនាំឱ្យបាត់បង់អាយុជីវិតប្រជាជន និងទ្រព្យសម្បត្តិ ហើយជនស៊ីវិលបានភៀសខ្លួនចេញ។
អង្គកានានារ បាននិយាយថាការកើនឡើងការវាយប្រហារទាំងនេះ កំពុងបំផ្លាញទំនុកចិត្តរបស់សហគមន៍ និងដៃគូសន្តិភាពក្នុងភាពស្មោះត្រង់នៃការសន្យាដែលបានធ្វើឡើងដោយភាគីនានាថា មិនឱ្យប្រទេសនេះត្រឡប់ទៅរកសង្រ្គាមវិញ និងបានជំរុញឱ្យមេដឹកនាំប្តេជ្ញាចិត្តឡើងវិញចំពោះវិធីសាស្រ្តប្រកបដោយតម្លាភាព ការយល់ស្រប និងការសហការគ្នាសម្រាប់សន្តិភាពយូរអង្វែង។