ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចស្វែងរកជំនួយពីប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីជួយសម្រួលដល់សន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកជឿជាក់ថា ទីក្រុងប៉េកាំង អាចជួយនាំយកជំហររបស់ទីក្រុងមូស្គូ និងគីវ ខិតចូលជិតគ្នាបាន ធ្វើឱ្យកិច្ចចរចាសន្តិភាពអាចធ្វើទៅរួច។

នៅពេលសួរដោយអ្នកកាសែតថា តើលោកអាចសុំឱ្យចិនជួយបិទគម្លាតរវាងរុស្ស៊ី និងអ៊ុយក្រែនបានទេ លោកប្រធានាធិបតីTrump បានឆ្លើយថា "វាជារឿងធម្មជាតិដែលត្រូវសួរ" ហើយលោកគិត លោកនឹងស្នើ។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានភាពតានតឹងនាពេលថ្មីៗនេះ ដោយសារតែការសម្រេចចិត្តរបស់លោក Trump ក្នុងការដំឡើងពន្ធដ៏ខ្ពស់រហូតដល់ ១៤៥% លើទំនិញរបស់ចិន។ លោកប្រធានាធិបតីបានលើកឡើងពីកង្វល់សន្តិសុខជាតិ និងអតុល្យភាពពាណិជ្ជកម្ម ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃវិធានការរនេះ។ ទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទគំរាមកំហែងខាងសេដ្ឋកិច្ច ដោយបានសងសឹកជាមួយនឹងពន្ធ ១២៥% លើការនាំចូលទាំងអស់របស់សហរដ្ឋអាមេរិក និងអនុវត្តការត្រួតពិនិត្យការនាំចេញ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានបង្ហាញក្តីសង្ឃឹមរបស់លោកថា ប្រទេសទាំងពីរអាចដោះស្រាយការខ្វែងគំនិតគ្នាបាន និងធ្វើកិច្ចព្រមព្រៀងដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។
សេចក្តីថ្លែងការណ៍របស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍បានកើតឡើងអំឡុងពេលប្រធានាធិបតីចិន Xi Jinping បានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ លោក Xiកំពុងស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកជាង២០រូប ចូលរួមព្រឹត្តិការណ៍នានាក្នុងទីក្រុងមូស្គូ ដើម្បីរំលឹកខួបលើកទី៨០នៃជ័យជម្នះរបស់សូវៀតលើណាស៊ីអាល្លឺម៉ង់។ មេដឹកនាំចិនបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាងប្រាំពីរម៉ោង ជាទីដែល លោក Putin និងលោក Xi ចាត់ទុកខ្លួនជាអ្នកការពារសណ្តាប់ធ្នាប់ពិភពលោក អំឡុងកិច្ចពិភាក្សា នៅវិមានក្រឹមឡាំង៕