ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) ថា លោករំពឹងថានឹងមានកិច្ចចរចាសំខាន់ៗយ៉ាងល្អរវាងសហរដ្ឋអាមេរិក និងចិន ស្តីពីពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ ហើយក៏បានព្យាករថា ពន្ធគយអាមេរិក ដែលបានដាក់ទៅលើទីក្រុងប៉េកាំង ចំនួន ១៤៥% ទំនងជានឹងធ្លាក់ចុះ។

ការអត្ថាធិប្បាយរបស់លោក Trump ធ្វើឡើងនៅសេតវិមាន ខណៈការប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងអាមេរិក និងចក្រភពអង់គ្លេស ដែលតំណាងឱ្យសញ្ញាចុងក្រោយបំផុតនៃការបន្ទន់ជំហររវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ដែលកំពុងជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាលើពន្ធ និងពាណិជ្ជកម្ម។ អាមេរិក និងចិន ក្នុងសប្តាហ៍នេះ បានប្រកាសថា ពួកគេនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសស្វីស សម្រាប់កិច្ចពិភាក្សានៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

លោក Trump កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហើបថា អាមេរិកអាចចាត់វិធានការបន្ធូរភាពតានតឹង ដោយការកាត់បន្ថយពន្ធ ហើយនៅពេលត្រូវសាកសួរថាតើលោកនឹងពិចារណាកាត់បន្ថយអត្រាពន្ធឬទេ ប្រសិនបើកិច្ចពិភាក្សាដំណើរការល្អ លោកបានឆ្លើយថា "អាចទៅរួច"។ លោក Trump និយាយថា "ពន្ធមិនអាចឡើងខ្ពស់ជាងនេះទេ ព្រោះពេលនេះនៅកម្រិត ១៤៥% រួចហើយ ហើយតួលេខនឹងធ្លាក់ចុះ" ដោយបន្ថែមថា "លោកគិតថាកិច្ចប្រជុំចិន-អាមេរិក នឹងជាជំនួបដ៏រួសរាយរាក់ទាក់ និងល្អប្រសើរ"។

ក្នុងពេលជាមួយគ្នានេះ ក្រុមរបស់លោក Trump បាននិងកំពុងធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន បន្ទាប់ពីប្រធានាធិបតីរូបនេះ បានផ្អាកការយកពន្ធ "បដិការ" របស់លោកលើប្រទេសភាគច្រើន ក្នុងជំហានបន្ធូរសង្រ្គាមពាណិជ្ជកម្ម ដែលប៉ះពាល់ទីផ្សារហិរញ្ញវត្ថុ និងទំនាក់ទំនងរបស់អាមេរិកជាមួយពិភពលោក៕