ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់អាជ្ញាធរដែនដីហ្កាហ្សា បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) ថា អ៊ីស្រាអែល បានទម្លាក់គ្រឿងផ្ទុះចំនួន ១០០.០០០តោន ទៅលើតំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនកាលពី ១៩ខែមុនមក ដោយធ្វើឱ្យជនជាតិប៉ាឡេស្ទីនជាង ៦២.០០០នាក់ ស្លាប់ឬបាត់ខ្លួន ប្រព្រឹត្តការសម្លាប់រង្គាលជាង ១២.០០០ករណី និងបំផ្លាញមនុស្សជាង ២.០០០គ្រួសារ។
សេចក្តីថ្លែងការណ៍នេះបានរៀបរាប់លម្អិតអំពីស្ថិតិសំខាន់ៗនៃសង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយការិយាល័យហ្កាហ្សា បានបញ្ជាក់ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បាននាំឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់ ឬបាត់ខ្លួនជាង ៦២.០០០នាក់ រួមទាំងជាង ១០.០០០នាក់ នៅតែជាប់នៅក្រោមគំនរបាក់បែកជាមួយនឹងជោគវាសនាមិនច្បាស់លាស់។
ការរិយាល័យនេះបានចោទថា អ៊ីស្រាអែល បានសម្លាប់រង្គាលជាង ១២.០០០ករណី ដោយបានលុបបំបាត់ទាំងស្រុងនូវមនុស្ស ២.២០០គ្រួសារ និងបុគ្គលជាង ៦.០០០នាក់ ចេញពីបញ្ជីឈ្មោះស៊ីវិល។ ទាក់ទងនឹងវិបត្តិសុខភាព ការិយាល័យបានរាយការណ៍ជាង ២,១លានករណីនៃជំងឺឆ្លង ដែលបណ្តាលមកពីការផ្លាស់ទីលំនៅដោយបង្ខំ និងការដួលរលំនៃហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលហ្កាហ្សា។
ការបំផ្លិចបំផ្លាញបានពង្រីកដល់ហេដ្ឋារចនាសម្ព័ន្ធសាសនា និងមនុស្សធម៌ ដោយកងកម្លាំងអ៊ីស្រាអែល បានកម្ទេចវិហារអ៊ិស្លាមទាំងស្រុង ៨២៨កន្លែង និងដោយផ្នែកចំនួន ១៦៧ទីតាំង ហើយបំផ្លាញទីបញ្ចុះសពជាច្រើនផ្សេងទៀតទាំងពេញលេញ ឬដោយផ្នែក៕