នគរបាលព័រទុយហ្គាល់ បានចាប់ខ្លួនមនុស្ស ១៣នាក់ ដែលពួកគេជឿថា បានផ្តល់ឲ្យជនបរទេសជាង ១0.០០០នាក់ នូវលិខិតអនុញ្ញាតស្នាក់នៅ និងឯកសារដែលអនុញ្ញាតឲ្យពួកគេស្នាក់នៅ ក្នុងប្រទេសព័រទុយហ្គាល់ និងសហភាពអឺរ៉ុប ជាថ្នូរនឹងប្រាក់សំណូក។
អ្នកនាំពាក្យរបស់កងកម្លាំងនគរបាលយុត្តិធម៌ បាននិយាយថា ប្រាក់សំណូកដែលបានបង់ទៅឲ្យក្រុមនេះ ដែលរួមមានបុគ្គលិកក្រសួងការបរទេស មេធាវី និងសហគ្រិនជាច្រើននាក់ ជាមធ្យម ១៥.000អឺរ៉ូ (១៦.៩៥០ដុល្លារ) ក្នុងមនុស្សម្នាក់។
ជនបរទេសបានបង់ប្រាក់ដើម្បីទទួលបានកិច្ចសន្យាការងារក្លែងក្លាយ ដែលអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងប្រទេសនេះ ហើយបន្ទាប់មកទទួលបានប័ណ្ណស្នាក់នៅ បើកគណនីធនាគារ និងចូលប្រើប្រព័ន្ធសន្តិសុខសង្គម។ នគរបាលបាននិយាយថា ពួកគេជាច្រើននាក់ បានចាកចេញ ចាប់តាំងពីពេលនោះមក ទៅកាន់បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។
រដ្ឋាភិបាលកណ្តាលស្តាំនិយមរបស់ប្រទេសព័រទុយហ្គាល់ បានពង្រឹងច្បាប់អន្តោប្រវេសន៍មួយចំនួន នៅក្នុងឆ្នាំមុន ដោយឆ្លុះបញ្ចាំងកិច្ចខិតខំប្រឹងប្រែងនៅកន្លែងផ្សេងទៀត ក្នុងទ្វីបអឺរ៉ុប ដើម្បីទប់ស្កាត់ការកើនឡើងនៃក្រុមស្តាំនិយមជ្រុល ហើយកាលពីថ្ងៃសៅរ៍ បានប្តេជ្ញានិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៨.000នាក់ នៅក្នុងប៉ុន្មានខែខាងមុខនេះ។