អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ផលប្រយោជន៍ជាតិរបស់រុស្ស៊ី ត្រូវតែយកទៅពិចារណា ក្នុងក្របខណ្ឌនៃការចរចាស្តីពីអ៊ុយក្រែន។
លោកបានធ្វើអត្ថាធិប្បាយអំពីការលើកឡើងរបស់អនុប្រធានាធិបតីអាមេរិកលោក J.D. Vance ដែលថា ប្រទេសរុស្ស៊ី«កំពុងស្នើសុំច្រើនពេក» នៅក្នុងដំណើរការចរចានេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បាននិយាយថា៖«យើងចង់ឲ្យផលប្រយោជន៍ជាតិរបស់យើង ត្រូវយកមកពិចារណា។ ដូច្នេះឫសគល់នៃជម្លោះ ត្រូវបានលុបបំបាត់ចោល។ នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាទាក់ទងដោយផ្ទាល់ទៅនឹងផលប្រយោជន៍ជាតិរបស់យើង ដើម្បីធានាសន្តិសុខរបស់យើង»។

លោកក៏បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន ពិតជាដឹងយ៉ាងច្បាស់ថា បញ្ហាអ៊ុយក្រែន មានសារៈសំខាន់ប៉ុនណាសម្រាប់ប្រទេសរុស្ស៊ីនោះ។
លោក Peskov បាននិយាយថា៖«យើងមានបណ្តាញសន្ទនាជាច្រើន តាមរយៈការដែលយើងបង្ហាញជំហររបស់យើង ទៅកាន់ជនជាតិអាមេរិក» ដោយបានបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នៅតែបន្ត។
នាពេលមុននេះ អនុប្រធានាធិបតីអាមេរិក បានកត់សម្គាល់ឃើញថា៖«ប្រជាជនរុស្ស៊ី កំពុងស្នើសុំសំណុំនៃតម្រូវការជាក់លាក់មួយ សំណុំនៃសម្បទានជាក់លាក់មួយ ដើម្បីបញ្ចប់ជម្លោះនេះ ។ លោកបានថ្លែងថា៖ «យើងគិតថា ពួកគេស្នើសុំច្រើនពេក។
