នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ខ្នាតយក្សជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជា OpenAI, Microsoft និងស្ថាប័នឈីបកម្រិតខ្ពស់ Advanced Micro Devices បានព្រមានក្នុងសវនាការរបស់ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) សប្ដាហ៍នេះថា ខណៈដែលទីក្រុងវ៉ាស៊ីន កំពុងឈានមុខគេក្នុងការប្រណាំង AI នោះ អាមេរិកក៏ត្រូវតែជំរុញហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញបន្ទះឈីប AI របស់ខ្លួនដើម្បីបន្តនាំមុខសមត្ថភាពដែលកំពុងកើនឡើងរបស់ចិន។
គណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភាអាមេរិក ដែលដឹកនាំដោយព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋ កំពុងស្វះស្វែងរកការកាត់របាំងនិយ័តកម្មចំពោះ AI របស់អាមេរិក បន្ទាប់ពីក្រុមហ៊ុន DeepSeek របស់ចិន បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងម៉ូដែល AI គុណភាពខ្ពស់ និងតម្លៃសមរម្យកាលពីឆ្នាំមុន និងខណៈដែលក្រុមហ៊ុន Huawei របស់ចិន ដែលស្ថិតក្នុងក្រសែភ្នែករបស់ទីក្រុងវ៉ាស៊ីនតោនយូរមកហើយ ក៏បានបង្ហាញបន្ទះឈីប AI កម្រិតខ្ពស់របស់ខ្លួន។

ឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិក បានចាប់យកក្ដីបារម្ភទាំងនោះដើម្បីបញ្ចុះបញ្ចូលរដ្ឋបាលលោកប្រធានាធិបតី Donald Trump ឱ្យដាក់ចេញគោលនយោបាយអំណោយផលបន្ថែមទៀត រួមទាំងដកការរឹតបន្តឹងលើការនាំចេញបន្ទះឈីប AI ដោយលើកហេតុផលថា ការលើកកម្ពស់ការប្រើប្រាស់ AI ទូទាំងពិភពលោកដែលឆ្លុះបញ្ចាំងពីតម្លៃប្រជាធិបតេយ្យ គឺជាបញ្ហាផលប្រយោជន៍ជាតិ។
ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បាននិយាយថា "កត្តាលេខមួយ ដែលនឹងកំណត់ថាតើ អាមេរិក ឬចិន ជាអ្នកឈ្នះការប្រណាំងនេះ គឺបច្ចេកវិទ្យារបស់ពួកគេត្រូវតែមានការទទួលយកយ៉ាងទូលំទូលាយបំផុតនៅក្នុងពិភពលោក" ដោយបង្ហាញសញ្ញាថា ទីក្រុងវ៉ាស៊ីន ត្រូវតែបង្កើនការនាំចេញ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទើបអាចយកឈ្នះចិនបាន៕

