ប៉ុន្មានថ្ងៃមុនពេលព្រឹត្តិការណ៍ប្រលងចម្រៀងអន្តរជាតិ Eurovision ដ៏ធំចាប់ផ្ដើមនៅក្នុងប្រទេសស្វីស សប្ដាហ៍ក្រោយនេះ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល NSC បានចេញសេចក្តីណែនាំពីការធ្វើដំណើរសម្រាប់ប្រជាជនអ៊ីស្រាអែល ដែលទៅកាន់ក្រុង Basel សម្រាប់ការប្រលងចម្រៀងប្រចាំឆ្នាំលំដាប់ពិភពលោកមួយនេះ ឱ្យបញ្ចៀសការតវ៉ា ហើយកុំបង្ហាញនិមិត្តសញ្ញារបស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែល ដើម្បីជៀសវាងគ្រោះថ្នាក់។
ការិយាល័យ NSC បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) ថា ការតវ៉ាប្រឆាំងអ៊ីស្រាអែល ប្រហែល ៣៦០ករណី បានកើតមានឡើងនៅទូទាំងប្រទេសស្វីស ក្នុងឆ្នាំកន្លងទៅ ហើយច្រើនទៀតនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួត ដែលដឹកនាំដោយអ្នកខឹងសម្បារចំពោះវត្តមានតំណាងអ៊ីស្រាអែល ឈ្មោះ Yuval Raphael។

NSC ណែនាំពលរដ្ឋឱ្យនៅឱ្យឆ្ងាយពីការប្រមូលផ្ដុំ និងបាតុកម្មនានា ដែលអាចកើនឡើងប្រែទៅជាអំពើហិង្សា ហើយក៏បានព្រមានថា បុគ្គលមួយចំនួនអាចប្រើប្រាស់ការតវ៉ានេះជាការលាក់បាំងដើម្បីអនុវត្តការវាយប្រហារលើជនជាតិអ៊ីស្រាអែល។
អ្នកជំនាញនិយាយថា ពួកគេមិនរំពឹងថានឹងមានការតវ៉ាក្នុងកម្រិតដូចកាលឆ្នាំមុននោះទេ មួយផ្នែកដោយសារតែសហភាពផ្សព្វផ្សាយអឺរ៉ុប ដែលរៀបចំការប្រកួតនោះ បានច្រានចោលជាប្រព័ន្ធ និងម្តងហើយម្តងទៀតនូវការអំពាវនាវទាំងអស់ឱ្យហាមប្រាមតំណាងអ៊ីស្រាអែល។ មនោសញ្ចេតនាប្រឆាំងអ៊ីស្រាអែលជាសាធារណៈនៅស្វីស ក៏មិនត្រូវបានជឿថាមានកម្រិតខ្ពស់ដូចប្រទេសស៊ុយអែតដែរ៕

