សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្តេដោយជោគជ័យ និង​មោទនភាព​ជាទីបំផុត​

2025/05/09 03:39:56 pm        108

នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រប់​ដល់កម្ពុជា​វិញ​ដោយសុវត្ថិភាព បន្ទាប់ពីបាន​អញ្ជើញ​បំពេញទស្សនកិច្ចការងារ​នៅ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី​ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញ​ទស្សន​កិច្ចផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តប​តាម​ការ​អញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ។

ក្នុងឱកាស​បំពេញទស្សកិច្ចការងារ​ ​នៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា និងជាអ្នកនយោបាយមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹក​នាំ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួលបានការស្វាគមន៍យ៉ាងមហោឡារិក កក់ក្តៅ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ សម្ដេច​តេជោ អញ្ជើញដល់​ព្រលានយន្តហោះអន្តរជាតិនាទីក្រុងហ្សាការតាភ្លាម សម្តេចតេជោ ទទួល​បាន​ការស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូណេស៊ី និងឈរអមជា​របង​ដោយ​កង​កិត្តិយស​របស់ឥណ្ឌូណេស៊ី ចាប់ពីព្រ​លានយន្តហោះ រហូតដល់វិមានប្រធានាធិបតីឥណ្ឌូណេស៊ី ក្បួន​រថយន្ត​របស់សម្តេចតេជោ ត្រូវបានហែហមអមក្បួនដោយរថយន្ត និងម៉ូតូ​កិត្តិយស​ជា​ច្រើន​គ្រឿង​។ នៅឯវិមានប្រធានាធិបតីវិញ មានការរៀបចំពិធីស្វាគមន៍ជាផ្លូវការយ៉ាងមហោឡារិក ដោយ​ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងកងកិត្តិយសជាច្រើនរូប មាន​ទាំង​កង​កិត្តិយស​ជិះ​សេះជាក្បួនថែមទៀតផង។

កាន់តែពិសេសថែមទៀតនោះ ដំណើររបស់សម្តេចតេជោ ចាប់ពីពេលអញ្ជើញ​ដល់​ព្រលាន​យន្ត​ហោះ ​រហូត​ដល់ជួបជជែកការងារជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ និងឯកជនរបស់ឥណ្ឌូណេស៊ីផងដែរ។ បន្ទាប់មកសម្តេចតេជោ បាន​អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតីផងដែរ​។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចតេជោបាន​អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅវិមានប្រធានាធិបតី។ ក្នុងជំនួបនេះសម្ដេច​តេជោ បាន​រម្លឹកឡើងថា កម្ពុជា និងឥណ្ឌូណេស៊ី​មានចំណងមិត្តភាពជាមួយគ្នា​ជាង៣៧ឆ្នាំចាប់តាំងពីកម្ពុជា​ចរចា​ស្វែង​រក​សន្តិភាព​មក​ម្លេះ ដូច្នេះ​សមិទ្ធ​ផល​របស់​កម្ពុជា​នៅ​ពេល​នេះ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ជួយ​របស់​ឥណ្ឌូ​ណេស៊ី​បាន​​ឡើយដោយសម្តេចតេជោ​បានអរគុណចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុង​ការ​ជួយ​ដល់​កម្ពុជា។

នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមប្រធានាឥណ្ឌូណេស៊ីបានថ្លែង​ថា នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​សម្តេច​ជា​បុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តមបន្តថា ឥណ្ឌូណេស៊ី​តែង​តែ​ប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយ​ទំនាស់​ដោយ​សន្តិ​វិធី​នៅ​កម្ពុជា​តាំង​ពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាល​ប្រវត្តិនេះ​ជា​គ្រឹះ​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-ឥណ្ឌូណេស៊ី​លើ​គ្រប់​វិស័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។

ក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី៥ ខែឧសភា​ ឆ្នាំ​២០២៥​នេះ​ដែរ​សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏បាន​បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និង​ឯក​អគ្គ​រដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូណេស៊ីផងដែរ​។

នៅ​​ក្នុងជំនួបនេះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន តំណាង​គណៈកម្មការ​អចិន្ត្រៃយ៍​អាស៊ាន​បាន​លើក​ឡើង​ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូល​ជា​សមាជិក​អាស៊ាននៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែល​កម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តម​បាន​រំលេច​ថា​ចាប់​តាំង​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និង​ដោះ​ស្រាយ​បញ្ហា​របស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺ​នៅ​ឆ្នាំ​២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លង​មក​ក៏​ដូច​ជា​នៅ​ថ្ងៃ​អនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។

ក្នុង​ឱកាស​នោះសម្ដេចតេជោ បានរំលេចថា នៅពេលដែលស​ម្ដេចបាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​៣​ដ​​ង​នៅ​ក្នុង​កិច្ចប្រជុំអាស៊ាន កាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និ​ង​២០២២ សម្ដេចមិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ ហើយ​នេះ​ជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ាន​លើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេច​ក៏​មិន​បាន​ធ្វើ​ដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។

សម្ដេចតេជោបានបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថា ប្រទេសទាំងអស់ ពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន​កំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំ និងខ្លាំង​បន្ថែម​ទៀត​ហើយ​អាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារ​ដែល​មាន​ស្រាប់​តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅ​ក្នុង​អាស៊ាន​មិន​គួរ​មើល​រំលង​នោះ​ឡើយ​។

ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេស​ឥណ្ឌូណេស៊ី សម្ដេច​តេជោ បាន​អញ្ជើញ​ផ្តល់បាឋក​ថា​ពិសេស​ ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជា វិភាគ​ទាន​ដ៏​សំខាន់​ក្នុង​ការអបអរសាទរខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។​

ជាមួយ​គ្នា​នេះ សម្តេចតេជោ បាន​អញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃ​កិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលា​សិក្សា​អំពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលមានការ​ចូលរួម​ដោយ​អគ្គ​លេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​ប្រចាំ​អាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការ​សង្គម​ស៊ីវិល​នៅ​ឥណ្ឌូណេស៊ីផងដែរ​។

ក្រៅពីនេះ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ​ជាមួយ លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភា​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា និង​លោកសាស្ត្រាចារ្យបណ្ឌិត Dato' Sri Tahir សមាជិក​ក្រុម​ប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសមផងដែរ។ ក្នុងឱកាសជំនួបនេះ សម្ដេច​តេជោ បាន​​ប្រាប់វិនិយោគិនឥណ្ឌូណេស៊ីថា កម្ពុជា​កំពុង​ខិត​ខំ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​វិនិយោគ​បរទេស​ដើម្បី​មកវិនិយោគនៅកម្ពុជា​។

ក្រោយ​បញ្ចប់​បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៥នេះ ដោយទទួលបានការស្វាគមន៍ និងការ​សាទរ​ជាទីមោទនៈ នៅថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៥នេះ សម្ដេច​តជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាន​​បន្តដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​បន្ត​ទៀតនៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេ​ស្តេ​ចាប់​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩​ខែ​ឧសភា​ឆ្នាំ​២០២៥។សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា បាន​អញ្ជើញដល់ទឹក​ដី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ នៅ​ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣៧នាទី (ម៉ោង​នៅ​ប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥ និង៣០នាទីម៉ោងនៅកម្ពុជា នៅអាកាស​យាន​ដ្ឋាន​អន្តជា​តិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី ប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសនោះអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងគណៈប្រតិ ភូជាន់ខ្ពស់កម្ពុជានាពេលនេះ រួមមាន៖ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧប​នាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីទេសចរណ៍ និង​បរិស្ថាន​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម បណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វ តាស់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុ​អ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រី វិមានប្រធានាធិបតី។

វត្តមានអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន នៅតាមដងផ្លូវចេញពីអាកាសយានដ្ឋានអន្ត​ជាតិ​ នៃទីក្រុងឌីលី មានប្រជាពលរដ្ឋ សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះ​ករ​ឈអ​ម​សង​ខាង​ផ្លូវ​ទទួល​សា្វគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសអ​ញ្ជើ​ញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រឡេស្តេក្នុងពេលនេះ។ ថ្នាក់ដឹកនាំ និងប្រជាពលរ​ដ្ឋ​ទីម័រឡេស្តេ​បាន​ចាត់​ទុក​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​ជា​ឥស្សរជន​សំខាន់​បំផុត​ដែល​បានផ្តល់កិត្តិយសធំបំផុតដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។

ក្នុង​ឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះដែរ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បាន​ផ្តល់​កិត្តិយស​បើក​រថយន្ត​ដោយ​ផ្ទាល់​ជូន​ដំណើរ​សម្តេចតេជោ​តាំង​ពី​អាកាស​យានដ្ឋាន​រហូត​ដល់​សណ្ឋាគារ​ដែល​សម្តេច​តេជោ និងគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ។ ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្តេ បាន​ចាត់ទុក សម្ដេច​តេជោជា មិត្តល្អ មិត្តជិតស្និទ្ធ បាន​មកលេងទីម័រ ។ ឯកឧត្តមថ្លែង​ថា សម្ដេច​តេជោ ​ជាអ្នករំដោះពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និងជា​ស្ថាបនិក​នៃ​ប្រទេស​កម្ពុជា​សម័យ​ទំនើប ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ក៏មាន​មាន​ជំនួប​ដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើ​ណាន់​ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសជំនួបទាំងនេះ ថ្នាក់ដឹកនាំ​កំពូល​ទីម័រ​ឡេស្ដេ បាន​សម្ដែង​នូវការ​ស្វាគមន៍យ៉ាង​កក់ក្ដៅ ចំពោះសម្ដេច​តេជោ និងគណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​​បំពេញទស្សនកិច្ចផ្លូវការ​នៅទីម័រឡេស្ដេ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទីម័រឡេស្ដេច បាន​​រំលេច​​ឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្ដេ ហើយទីម័របានអរគុណ កម្ពុជា ជាពិសេសចំពោះសម្ដេច​តេជោ ដែលបាន​ខិតខំប្រឹង​ប្រែង ជ្រោមជ្រែង​ទីម័រ អាច​ឱ្យទីម័រ​អាច​​ក្លា​យជា​សមាជិក​សង្កេត​ការ​ណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ កាលពីកម្ពុជា​ធ្វើជាប្រធាន​ប្ដូរ​វេន​អាស៊ាន និងការ​ជ្រោម​ជ្រែង​របស់សម្ដេច​តេជោដែលនៅតែបន្ត​ជួយដល់ទីម័រដើម្បី​បានចូល​ទៅ​ក្នុង​​សមាជិក​ពេញសិទ្ធិរបស់អាស៊ាននាពេលខាង​មុខ​។

សម្ដច​តេជោក៏បានអរគុណចំពោះ រដ្ឋាភិបាលទីម័រ និងឯកឧត្តមប្រធានាធិបតី ដែលបាន​ធ្វើ​បដិ​សណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត​ចំពោះសម្ដេច​ និង​គណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​កាន់​ទីម័រ​ជា​ថ្មី​ម្ដង​ទៀតនាពេលនេះ។ សម្ដេច​តេជោ បានរំលេចថា កាលពីឆ្នាំ​២០១៦ សម្ដេច​បានអញ្ជើញ​មក​ទីម័រ​ម្ដង​ហើនៅឆ្នាំ​២០២៥នេះ បានអញ្ជើញមកជាថ្មីម្ដងទៀ។ សម្ដេច​ក៏បានគត់​សម្គាល់​ពី​ភាព​រីក​ចម្រើនរបស់ទីម័រផងដែរ​។​

សម្ដេច​តេជោ បាន​បញ្ជាក់ថាការ​ទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិនអាច​ធ្វើ​ទៅ​បាន​ឡើយ​​ប្រសិនបើ​ទំនាក់ទំនង​ប្រទេស​ទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរនោះទេ​។ សម្ដេច​តេជោ ក៏បាន​រំលេច​បន្ថែមនូវការ​ពង្រឹង​ចំណងមិត្តភាព​រវាង​កម្ពុជា និង​ទីម័រ​បន្ត​ទៀត​ទន្ទឹម​នឹង​កម្ពុជា​ និងទីម័រនាពេលនេះ បាន​បង្កើតនូវ​ទំនាក់ទំនង​ការ​ទូតជា​ផ្លូវ​ការ​អស់​រយៈ​ពេល​ប្រមាណ​២៣​ឆ្នាំ​មក​ហើយ ពោលគឺចាប់ពីឆ្នាំ ២០០២ កន្លងមក​។ តាមរយៈទំនាក់ទំនងនេះសម្ដេច​តេជោ​សង្ឃឹមថា ភាគីទាំងពីរនឹង​រួមគ្នាពង្រីក​នូវទំនាក់ទំនងបន្ថែមទៀត។

ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេច​តេជោ ប្រជាជនទីម័រ រដ្ឋាភិបាលទីម័របាន​បង្ហាញនូវ​មាន​កិត្តិយដ៏ឧត្តុងឧត្តម ​និងមានមោទនភាពដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់​របស់សម្ដេច​តេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ​។ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាលទីម័រ ​បានកោតសរសើរអំពីវីរៈភាពរបស់សម្ដេច​តេជោ ដោយចាត់ទុកសម្ដេច​តេជោ គឺ​ជា​​ឥស្សរៈជន​ដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះក៏បាន​រំលេច​អំពី​ពលីកម្ម​​របស់សម្ដេច​តេជោ ក្នុង​បុព្វហេតុដើម្បីកម្ពុជាដោយបាន​ហៅសម្ដេច​តេជោថា ជាអ្នក​រំដោះ​កម្ពុជា​​ចេ​ញពីរបបប្រល័យពូជសាសន៍ និងជា​ស្ថាបនិក​កម្ពុជានៅក្នុង​សម័យទំនើប​។ 

ក្នុងឱកាសទស្សនកិច្ចនេះដែរសម្តេចតេជោក៏បាន​អញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យ​ប្រជុំ​ពិសេស​នៅ​រដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបប​ប្រល័យ​ពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយ​មានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និងសង្គម​ស៊ីវិល​ទីម័រ​ឡេស្តេ។

ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្តេចតេជោ ក្នុងការ​ជួយ​គាំទ្រ​ដល់​ទីម័រឡេស្តេ ជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្ដេ ចូលជា​សមាជិក​ពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ បាន​បំពាក់គ្រឿង​ឥស្សរិ​យ​យស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និង​ក៏​ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធាន​ព្រឹទ្ធសភាផ​ង​ដែរ​។

សូមជម្រាបថាសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា បាន​បញ្ចប់ទស្សនកិច្ចនៅប្រទេស​ឥណ្ឌូណេស៊ី និង​ទីម័រឡេស្ដេនឹងបាន​អញ្ជើញ​ធ្វើមាតិភូមិនិវត្តន៍ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ​ដោយសុវត្ថិភាព​នៅ​រសៀល​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២៥នេះ៕ 

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្តេដោយជោគជ័យ និង​មោទនភាព​ជាទីបំផុត​
2025/05/09 03:39:56 pm        1
ប្រធានាធិបតីទីម័រឡេស្តេ បំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ជាឥស្សរិយយសកម្រិតខ្ពស់បំផុតជូនសម្ដេចតេជោ
2025/05/09 11:10:13 am        1
តំណាងបក្សនយោបាយនានានៅទីម័រឡេស្ដេ អរគុណសម្ដេចតេជោជួយជ្រោមជ្រែងទីម័រក្លាយជា​អ្នកសង្កេតការណ៍អាស៊ាន
2025/05/08 05:32:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Bill Gates សន្យាបរិច្ចាគថវិកា ២០០ពាន់លានដុល្លារដល់ក្រុមសប្បុរសធម៌នៅឆ្នាំ ២០៤៥

2025/05/09 08:54:59 pm
​ជនប៉ាឡេស្ទីនរៀបរាប់ពីទុក្ខលំបាកក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគេនៅទីក្រុង Jabalia តំបន់ហ្កាហ្សា
2025/05/09 08:46:47 pm
​អារ៉ាប់រួមច្រានចោលការផ្គត់ផ្គង់អាវុធផលិតនៅចិនដល់កងកម្លាំងគាំទ្ររហ័ស RSF របស់ស៊ូដង់
2025/05/09 08:27:10 pm
​អង្គការយូនីសេហ្វ៖ ផែនការជំនួយថ្មី នៅតំបន់ហ្កាហ្សា នឹងបង្កើនទុក្ខវេនារបស់កុមារ
2025/05/09 08:23:33 pm
​ប្រមុខគណៈកម្មការអឺរ៉ុប៖ ទៅសេតវិមាន គឺដើម្បីតែការចរចារកដំណោះស្រាយពន្ធប៉ុណ្ណោះ
2025/05/09 08:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/09 01:11:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am