ប្រទេសចិន នៅថ្ងៃសុក្រ (ទី៩ ខែឧសភា) បានឲ្យដឹងថា ការលក់ទៅសហរដ្ឋអាមេរិក បានធ្លាក់ចុះកាលពីខែមុន ខណៈពេលដែលការនាំចេញសរុបរបស់ខ្លួន បានលើសពីការព្យាករ ស្របពេលទីក្រុងប៉េកាំង បានប្រយុទ្ធនឹងសង្រ្គាមពាណិជ្ជកម្មដ៏ធ្ងន់ធ្ងរជាមួយគូប្រជែងមហាអំណាចរបស់ខ្លួន។
ពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតជាងគេទាំង២ បានធ្លាក់រហូតជិតដល់ចំណុចបញ្ឈប់ គិតចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់អត្រាពន្ធជាច្រើនជុំ លើប្រទេសចិនដែលបានចាប់ផ្តើមវិធានការការសងសឹកវិញ។

អត្រាពន្ធលើផលិតផលចិនជាច្រើន ឥឡូវឡើងដល់ ១៤៥ភាគរយ ដោយពន្ធបន្ថែមលើទំនិញមួយចំនួនកើនឡើងដល់ ២៤៥ភាគរយ។ ទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងកម្រិត ១២៥ភាគរយលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមជាមួយនឹងវិធានការផ្សេងទៀតដែលផ្តោតលើក្រុមហ៊ុនអាមេរិកផងដែរ។
ចាប់តាំងពីពេលនោះមក រដ្ឋបាលរបស់លោក Trump បានលើកលែងឲ្យទំនិញជាច្រើនពីកម្រិត ១៤៥ភាគរយ ក្នុងនោះមានរួមទាំងស្មាតហ្វូន និងកុំព្យូទ័រផងដែរ ដែលនាំចូលភាគច្រើនពីប្រទេសចិន។
ស្របនឹងស្ថានភាពនេះ អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Bloomberg បានរំពឹងថា ការនាំចេញ នឹងកើនឡើងត្រឹមតែ ២ភាគរយ បើធៀបនឹងខែដូចគ្នា ក្នុងឆ្នាំមុន។ ប៉ុន្តែទំហំបានលើសពីការរំពឹងទុកនោះ ដោយមានចំនួន ៨,១ភាគរយ។ តែទោះជាយ៉ាងណាក្ដី ទិន្នន័យ បានបង្ហាញថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេមួយរបស់ប្រទេសចិន បានធ្លាក់ចុះ ១៧,៦ភាគរយ ធៀបនឹងខែដូចគ្នា៕

