ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងក្រុមប្រទេសG-7 លើកដំបូង រដ្ឋមន្រ្តីការបរទេសទាំងអស់បន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងសន្តិសុខសុខភាពពិភពលោក។ នេះបើតាមហ្វេសបុករបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ នៃក្រុម ប្រទេស G7 កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចក្រភពអង់គ្លេស ក្នុងនាមជាដៃគូ សន្ទនាថ្មីទី១១របស់អាស៊ាន ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ក្រុមប្រទេសG-7 លើកដំបូង។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងក្នុងអង្គប្រជុំអំពីចំណុចអាទិភាពអាស៊ានក្នុងឆ្នាំ២០២២នេះ មានសារៈសំខាន់នៃមូលបទដែលយើងបានជ្រើសរើស និងជំហរគោល របស់កម្ពុជាលើបញ្ហាតំបន់និងអន្តរជាតិ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងអង្គប្រជុំនេះដែរបានគូសបញ្ជាក់ពីអត្ថប្រយោជន៍ក្នុងការជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងសន្តិសុខរួមក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលរដ្ឋមន្រ្តីការបរទេសទាំងអស់បន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងសន្តិសុខសុខភាពពិភពលោក។
យ៉ាងណាមិញ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញធ្វើអន្តរាគមន៍លើប្រធានបទទាំងនេះ និងលើអាទិភាពរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕អត្ថបទ៖ សេក ឧត្តម


