យោធាបានប្រាប់ឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសស្រីលង្កា បានធ្លាក់នៅថ្ងៃសុក្រ (ទី៩ ខែឧសភា) នេះ ដោយបានសម្លាប់មនុស្ស ៦នាក់ ក្នុងចំណោម ១២នាក់ ជិះនៅលើនោះ។
មន្ត្រីយោធាម្នាក់បានប្រាប់សារព័ត៌មាន AFP ថា បុគ្គលិកទាំងនោះកំពុងចូលរួមក្នុងព្រឹត្តិការណ៍ហោះហើរបង្ហាញ និងត្រៀមលោតខ្សែពួរ នៅពេលដែលឧទ្ធម្ភាគចក្រ Bell 212 របស់ពួកគេ បានធ្លាក់ចូលទៅក្នុងបឹងមួយ នៅតំបន់ Maduru Oya ភាគខាងកើតនៃរដ្ឋធានី Colombo។

អ្នកទាំងនោះត្រូវធ្វើសមយុទ្ធ «លោតខ្សែពោត» ក្នុងពិធីបញ្ចប់ការសិក្សារបស់កងកុម្ម៉ង់ដូកងកម្លាំងពិសេស ដោយបង្ហាញពីជំនាញរបស់ពួកគេពេលចុះពីឧទ្ធម្ភាគចក្រ ខណៈកំពុងហោះសំកាំងពីលើដំបូល។
មន្ត្រីបានប្រាប់ថា «មានមនុស្ស ១២នាក់នៅលើឧទ្ធម្ភាគចក្រនោះ ហើយ ៦នាក់ ក្នុងចំណោមពួកគេ បានរួចជីវិតដោយមានរបួសស្រាល» ដោយបានបន្ថែមថា អ្នកដែលបានស្លាប់ រួមមានកងកុម្ម៉ង់ដូ ៤នាក់ និងខ្មាន់កាំភ្លើងកងទ័ពអាកាស ២នាក់។
មន្ត្រីបានបញ្ជាក់ថា ពិធីនេះត្រូវបានលុបចោល ដោយបន្ថែមថា ការស៊ើបអង្កេតលើមូលហេតុដែលនាំឲ្យកើតហេតុការណ៍នេះ កំពុងដំណើរការ។
ឧបទ្ទវហេតុ នៅថ្ងៃសុក្រនេះ គឺជាសោកនាដកម្មដ៏អាក្រក់បំផុត សម្រាប់កងទ័ពអាកាស គិតចាប់តាំងពីយន្តហោះ Y-12 បានធ្លាក់នៅតំបន់ Haputale ចម្ងាយ ២០០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Colombo ក្នុងខែមករា ឆ្នាំ២០២០ ដោយបានសម្លាប់សមាជិកអាកាសយានិកទាំងអស់នៅលើនោះ៕

