មាននូវបរិយាកាសសុទិដ្ឋិនិយមប្រកបដោយភាពសប្បាយរីករាយនៅទីលានចតុរង្គ St Peterនាថ្ងៃសុក្រនេះ ស្របពេលដែលក្រុមកាតូលិកមកពីទូទាំងពិភពលោក ភ្ញាក់ឡើងដឹងថា មានមេដឹកនាំថ្មីនៅព្រះវិហាររបស់ពួកគេ ។
ព្រះឆាយាល័ក្ខណ៍របស់សម្តេចប៉ាប លីអូ ទី ១៤ ស្ថិតនៅលើទំព័រមុខរបស់កាសែតអ៊ីតាលី ដែលត្រូវបានលក់តាមតូបកាសែតនៅក្រៅបុរីវ៉ាទីកង់ ។
ភ្ញៀវដែលមកលេងវិមានវ៉ាទីកង់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពីក្តីសង្ឃឹមរបស់ពួកគេសម្រាប់មេដឹកនាំថ្មីរបស់វិហារកាតូលិក ។

លោក Giordano Pasquale គឺជាភ្ញៀវទេសរអ៊ីតាលីមួយរូប និយាយថា សម្រាប់រូបលោក ព្រះអង្គគឺជាសម្តេចសង្ឃពិតប្រាកដមួយអង្គ ព្រះអង្គនឹងឱបអ្នករាល់គ្នា គឺជាអ្វីមួយដែលព្រះវិហារពុំបានធ្វើអស់មួយរយៈពេលមកហើយ ។
ចំណែកឯអ្នកស្រី Claudia Boelher គឺជាភ្ញៀវទេសចរអាល្លឺម៉ង់និយាយថា សម្តេចសង្ឃថ្មីបណ្តុះឲ្យមានក្តីសង្ឃឹមថ្មីរបស់គាត់ សម្រាប់នយោបាយសកលលោក ក៏ដូចជាសម្រាប់ព្រះវិហារ ។
សម្តេចសង្ឃ Robert Prevost ដែលជាសាសនទូតដ៏យូរនៅអាមេរិកឡាទីន ត្រូវបានជ្រើសរើសដ៏គួរឲ្យភ្ញាក់ផ្អើលជាមេដឹកនាំថ្មីរបស់ព្រះវិហារកាតូលិកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីក្លាយជាសម្តេចប៉ាបសហរដ្ឋអាមេរិកលើកដំបូង និងទទួលយកព្រះនាម សម្តេចប៉ាប លីអូ ទី ១៤ ។
សម្តេចសង្ឃ Prevost ព្រះជន្ម ៦៩វស្សា បានចំណាយពេលច្រើនទសវត្សរ៍នៅប្រទេសប៉េរូ និងមានសញ្ជាតិ ២ ។ ទ្រង់បានប្រសូត្រនៅឆ្នាំ ១៩៥៥ ដំបូងឡើយមានដើមកំណើតនៅទីក្រុង Chicago សហរដ្ឋអាមេរិក ។ ដំបូងព្រះអង្គគឺជាសាសនទូតនៅប្រទេសប៉េរូ ហើយក្រោយមកក្លាយជាសម្តេចសង្ឃនៅសហគមន៍ព្រះវិហារ Diocese of Chiclayo ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៣ ៕

