ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី៩ ខែឧសភា) នេះ បានបង្ហាញយានដ្រូនប្រយុទ្ធដែលកងកម្លាំងរបស់ខ្លួនប្រើប្រាស់ក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន នៅឯទីលានក្រហមរបស់ទីក្រុងមូស្គូ ជាអ្វីដែលទូរទស្សន៍រដ្ឋបានលើកឡើងថា គឺជាលើកទី១។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) រួមជាមួយមេដឹកនាំបរទេសជាង ២០រូបផ្សេងទៀត បានទស្សនា ខណៈដែលក្បួនយានដ្រូនផលិតដោយរុស្សីជាច្រើនគ្រឿង នៅលើជើងបាញ់បង្ហោះ ដាក់នៅលើរថយន្តបើកឆ្លងកាត់ទីលានដ៏ធំ រួមជាមួយនឹងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត។
អ្នកអត្ថាធិប្បាយតាមទូរទស្សន៍រដ្ឋដែលពិពណ៌នា អំពីក្បួនដង្ហែ ឬព្យុហយាត្រា ក្នុងពេលវេលាជាក់ស្តែង បាននិយាយថា យានដ្រូននេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព នៅក្នុងអ្វីដែលពិធីកររូបនោះហៅថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា យានដ្រូន Lancet, Geran-2, Orlan-10 និង Orlan-30 ស្ថិតក្នុងចំណោមយានដ្រូនដែលបានបង្ហាញនៅក្នុងក្បួនដង្ហែ ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួនលើពួកណាហ្ស៊ីអាល្លឺម៉ង់៕